សហភាពសូវៀត បានបង្ហោះយាន Sputnix I ទៅកាន់អវកាសដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧។ យានមួយនេះ មានអង្កត់ផ្ចិត ៥៨ សង់ទីម៉ែត្រ ទម្ងន់ ៨៣.៦គីឡូក្រាម ហើយបានប្រើពេល ៩៨នាទីដើម្បីធ្វើដំណើរជុំវិញគន្លងរបស់ផែនដី ។
ការបង្ហោះផ្កាយរណបសិប្បនិម្មិតមួយនេះ បានធ្វើឲ្យកើតមានទៅជាការអភិវឌ្ឍ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា និង ប្រព័ន្ធនយោបាយថ្មី។ ម្យ៉ាងទៀត វាក៏បង្កឲ្យកើតមាននូវព្រឹត្តិការណ៍មួយ ដែលមានឈ្មោះថា ការប្រកួតប្រជែងអវកាស (Space Race) រវាងសហភាពសូវៀត និង សហរដ្ឋអាមេរិក ។
Sputnix I បានផ្លាស់ប្ដូរគ្រប់យ៉ាង ដោយធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ចំណេះដឹងផ្នែកអវកាស ។ ក្រៅពីនេះ ប្រទេសជាច្រើនមានក្ដីព្រួយបារម្ភថា សូវៀតនឹងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការបម្លែងឲ្យទៅជាការបង្ហោះកាំជ្រួចមីស៊ីលបាលីស្ទិក (Ballisitc) ដែលអាចផ្ទុកអាវុធ នុយក្លេអ៊ែរពីអឺរ៉ុប ទៅ កាន់សហរដ្ឋអាមេរិក ។
យានមួយនេះដែរ ក៏បានត្រួសត្រាយ ផ្លូវឲ្យមានការបង្ហោះយានផ្សេងៗ ក្នុងពិភពលោក រហូតដល់ពេលបច្ចុប្បន្ន៕