ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានរារាំងក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple មិនឲ្យលក់ iPhone 16 ក្នុងប្រទេសនេះ ប៉ុន្តែនៅតែអនុញ្ញាត ឲ្យអ្នកធ្វើដំណើរ ឬភ្ញៀវទេសចរណ៍ប្រើប្រាស់ iPhone 16 ផ្ទាល់ខ្លួនបាន។
ក្រសួងឧស្សាហកម្មបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា iPhone 16 បានចេញលក់កាលខែកញ្ញា មិនត្រូវបានអនុញ្ញាតសម្រាប់លក់ក្នុងស្រុកឡើយ ដោយសារតែក្រុមហ៊ុន PT Apple Indonesia មិនទាន់បានបំពេញតម្រូវការរបស់ប្រទេសនូវមាតិកាក្នុងស្រុក ៤០ ភាគរយចំពោះស្មាតហ្វូន និងថេប្លេត។
យោងតាមគេហទំព័រ Jakarta Globe បានឲ្យដឹងថា អ្នកធ្វើដំណើរម្នាក់ៗអាចនាំយក iPhone 16 ចំនួន២ គ្រឿងទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ទិន្នន័យពីក្រសួងបង្ហាញថា នៅចន្លោះខែសីហា និងខែតុលា ទូរស័ព្ទ iPhone 16 ប្រហែល ៩,០០០ គ្រឿងត្រូវបាននាំយកទៅប្រទេសឥណ្ឌូនេស៊ីជារបស់ផ្ទាល់ខ្លួនជាមួយនឹងពន្ធដែលបានបង់។
រដ្ឋមន្ត្រីឧស្សាហកម្មលោក Agus Gumiwang Kartasasmita បានលើកឡើងកាលពីថ្ងៃទី ២២ ខែតុលាថា Apple មិនទាន់បានបំពេញការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការវិនិយោគ ១.៧ ពាន់ពាន់លានរូពៀ ស្មើនឹង១០៨ លានដុល្លារអាមេរិក ក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទទួលបានអាជ្ញាប័ណ្ណសម្រាប់ការលក់ក្នុងស្រុក ។ រហូតមកដល់ពេលនេះ Apple បានវិនិយោគចំនួន ១.៥ ពាន់ពាន់លានរូពៀ ។
នេះបើយោងតាម Bloomberg ថា ក្រុមហ៊ុន Samsung Electronics និង Xiaomi បានបង្កើតរោងចក្រ នៅប្រទេស ឥណ្ឌូនេស៊ី ដើម្បីអនុវត្ត តាមបទប្បញ្ញត្តិមាតិកា ក្នុងស្រុកដែលបានណែនាំកាលឆ្នាំ ២០១៧ ។ មធ្យោបាយផ្សេងទៀត នៃការជំរុញមាតិកា ក្នុងស្រុករួមមាន ប្រភពធនធាន ឬការជួលកម្មករក្នុងងប្រទេស ៕