បច្ចេកវិទ្យា

អឺរ៉ុប ពិន័យក្រុមហ៊ុន Meta ជាង ៨០០ លានដុល្លារ សម្រាប់ការបំពានច្បាប់ ប្រឆាំងការទុកចិត្តរបស់អឺរ៉ុប

Xinhua

ប្រ៊ុចសែល ៖ គណៈកម្មការអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានពិន័យក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក Meta ចំនួន ៧៩៧,៧២លានអឺរ៉ូ (៨៣៧,៦១ លានដុល្លារអាមេរិក) សម្រាប់ការបំពានច្បាប់ ប្រឆាំងការទុកចិត្ត របស់សហភាពអឺរ៉ុប និងបំពានលើមុខតំណែង លេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារ។

គណៈកម្មការអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គណៈកម្មការបានពិន័យ ក្រុមហ៊ុន Meta សម្រាប់ការរំលោភលើច្បាប់ប្រឆាំងការទុកចិត្តរបស់សហភាពអឺរ៉ុប ដោយភ្ជាប់សេវាកម្មផ្សាយពាណិជ្ជកម្មតាមអនឡាញរបស់ខ្លួន Facebook Marketplace ទៅនឹងបណ្តាញសង្គមផ្ទាល់ខ្លួន Facebook និងដោយការដាក់លក្ខខណ្ឌពាណិជ្ជកម្ម មិនយុត្តិធម៌លើអ្នកផ្តល់ សេវាផ្សាយពាណិជ្ជកម្ម តាមអ៊ីនធឺណិតផ្សេងទៀត”។ 

គួរបញ្ជាក់ថា Facebook Marketplace គឺជាវេទិកាអនឡាញ សម្រាប់ការផ្សាយពាណិជ្ជកម្មតាមលំដាប់ថ្នាក់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទិញ និងលក់ទំនិញ។

គណៈកម្មការបានអះអាងថា តាមរយៈការភ្ជាប់ Facebook Marketplace ជាមួយបណ្តាញសង្គម របស់ខ្លួន អ្នកប្រើប្រាស់ Facebook ទាំងអស់ត្រូវបានបញ្ជូន ដោយស្វ័យប្រវត្តិទៅកាន់ Marketplace ដោយគ្មានជម្រើស ។  សមាហរណកម្មនេះផ្តល់ឱ្យ Facebook Marketplace នូវអត្ថប្រយោជន៍ចែកចាយដ៏សំខាន់ ដែលធ្វើឱ្យវាពិបាក សម្រាប់ដៃគូប្រកួតប្រជែងក្នុងការប្រកួតប្រជែងដោយស្មើភាព ។

ប្រភពក៏បានបញ្ជាក់ផងដែរថាក្រុមហ៊ុន Meta ដាក់លក្ខខណ្ឌពាណិជ្ជកម្ម មិនយុត្តិធម៌លើអ្នកផ្តល់សេវាផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផ្សេងទៀតដែលផ្សាយពាណិជ្ជកម្មនៅលើវេទិការបស់ Meta រួមទាំង Facebook និង Instagram ផងដែរ។  ការអនុវត្ត អនុញ្ញាតឱ្យក្រុមហ៊ុន Meta ប្រើប្រាស់ទិន្នន័យដែលទាក់ទងនឹង ការផ្សាយពាណិជ្ជកម្មពីអ្នកផ្សាយ ពាណិជ្ជកម្មផ្សេងទៀតតែមួយគត់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ទីផ្សារ Facebook ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top