បច្ចេកវិទ្យា

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ចំនួន២១ទៅកាន់ដងតារាវិថី

ឡូសអ៊ែនជឺឡេស ៖ កាលពីថ្ងៃចន្ទ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិកឈ្មោះថា SpaceX បានបាញ់បង្ហោះផ្កាយរណប Starlink ចំនួន២១ទៅកាន់តារាវិថី ។

ក្រុមហ៊ុន SpaceX បានឲ្យដឹងថា ផ្កាយរណបទាំងនោះ ត្រូវបានបាញ់បង្ហោះ ដោយប្រើគ្រាប់រ៉ុក្កែត Falcon 9 ដែលបាន បាញ់ចេញ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅរដ្ឋផ្លរីដា នៅវេលាម៉ោង១២ និង៣៥នាទីព្រឹក ម៉ោងនៅប៉ែកខាងកើត ។

ក្រោយមក ក្រុមហ៊ុន SpaceX បានបញ្ជាក់ពីការដាក់ ពង្រាយផ្កាយរណប ចំនួន២១រួមទាំង១៣ ដែលមានសមត្ថភាព បញ្ជូនព័ត៌មានមកមជ្ឈមណ្ឌលផ្ទាល់ ។

គួរបញ្ជាក់ថា នេះជាការបាញ់បង្ហោះលើកទី ១៤សម្រាប់កម្មវិធីជំរុញ ដំណាក់កាលដំបូង ដែលគាំទ្របេសកកម្មនេះ ។

ក្រុមហ៊ុន SpaceX បានឲ្យដឹងថា ផ្កាយរណប Starlink នឹងផ្តល់សេវា អ៊ីនធើរណេត ល្បឿនលឿន បញ្ជូនដល់ទីតាំងណា ដែលការចូលប្រើប្រាស់ មិនគួរឱ្យទុកចិត្តបាន ហើយមានតម្លៃថ្លៃ ឬមិនអាចប្រើប្រាស់បានទាំងស្រុង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top