បាងកក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តយក្សជប៉ុន Honda និង Nissan នឹងព្យាយាមបញ្ចូលគ្នា និងបង្កើតក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៣ របស់ពិភពលោក តាមរយៈការលក់ ខណៈឧស្សាហកម្មនេះ បានឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងការផ្លាស់ប្តូររបស់ខ្លួន ឆ្ងាយពីឥន្ធនៈហ្វូស៊ីល ។
ក្រុមហ៊ុនទាំង២ បាននិយាយថា ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាកាលពីថ្ងៃចន្ទ ហើយសមាជិក សម្ព័ន្ធក្រុមហ៊ុន Nissan តូចជាង Mitsubishi Motors ក៏បានយល់ព្រមចូលរួមក្នុង កិច្ចពិភាក្សា ស្តីពីការរួមបញ្ចូលអាជីវកម្មរបស់ពួកគេទៀតផង។ Honda នឹងដឹកនាំការគ្រប់គ្រងថ្មីពីដំបូង ដោយរក្សាគោលការណ៍ និងម៉ាកយីហោ របស់ក្រុមហ៊ុននីមួយៗ ។
ខាងក្រោមនេះគឺជាការក្រឡេកមើល នូវអ្វីដែលការរួមបញ្ចូលគ្នា រវាង Honda និង Nissan មានន័យសម្រាប់ក្រុមហ៊ុន និងសម្រាប់ឧស្សាហកម្មរថយន្ត ។ ការកើនឡើង នៃក្រុមហ៊ុនផលិតរថយន្ត របស់ចិនកំពុងធ្វើឲ្យ ឧស្សាហកម្មនេះមានភាពរង្គោះរង្គើ នៅពេលក្រុមហ៊ុនផលិត កំពុងជួបការលំបាក ក្នុងការផ្លាស់ប្តូរពីរថយន្តដែលជំរុញ ដោយឥន្ធនៈហ្វូស៊ីលទៅជាអគ្គិសនី ។ រថយន្ត EV មានតម្លៃថោក សមរម្យពីក្រុមហ៊ុន BYD, Great Wall និង Nio របស់ចិនកំពុង ស៊ីចូល ទៅក្នុងចំណែកទីផ្សារ របស់ក្រុមហ៊ុន រថយន្តអាមេរិក និងជប៉ុន នៅប្រទេសចិន និងកន្លែងផ្សេងទៀត។
ក្រុមហ៊ុនផលិត រថយន្តជប៉ុន បានដើរថយក្រោយគូប្រជែងធំៗ នៅក្នុងរថយន្ត EV ហើយឥឡូវនេះ កំពុងព្យាយាម កាត់បន្ថយការ ចំណាយ និងបង្កើតពេលវេលា ដែលបាត់បង់ ។ Nissan, Honda និង Mitsubishi បានប្រកាស កាលពីខែសីហាថា ពួកគេនឹងចែករម្លែកសមាសធាតុ សម្រាប់រថយន្តអគ្គិសនីដូចជាអាគុយ និងកម្មវិធីស្រាវជ្រាវរួមគ្នា សម្រាប់ការបើកបរដោយស្វ័យភាព ដើម្បីសម្របខ្លួន អោយកាន់តែប្រសើរឡើង ចំពោះការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងឧស្សាហកម្មរថយន្ត ដែលផ្តោតលើថាមពលអគ្គិសនី ។ កិច្ចព្រមព្រៀងបឋម រវាងក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិត រថយន្តធំទី២ របស់ប្រទេសជប៉ុន និង Nissan ជាក្រុមហ៊ុនធំទី៣ ត្រូវបានប្រកាសក្នុងខែមីនា។
ការរួមបញ្ចូលគ្នាអាចបណ្តាល ឲ្យមានទ្រព្យសម្បត្តិប្រហែល ៥៥ ពាន់លានដុល្លារដោយ ផ្អែកលើមូលធនប័ត្រ ទីផ្សារនៃក្រុមហ៊ុនផលិតរថយន្តទាំង៣ ។ ការចូលរួមកម្លាំងនឹងជួយក្រុមហ៊ុន ផលិតរថយន្តជប៉ុនតូចៗបន្ថែមទំហំ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន នាំមុខទីផ្សាររបស់ប្រទេសជប៉ុន Toyota Motor Corp និងជាមួយក្រុមហ៊ុន Volkswagen AG របស់អាល្លឺម៉ង់។ Toyota ខ្លួនឯងមានភាពជាដៃគូ ផ្នែកបច្ចេកវិទ្យាជាមួយ Mazda Motor Corp របស់ជប៉ុន និង Subaru Corp ។
លោក Sam Fiorani អនុប្រធានក្រុមហ៊ុន AutoForecast Solutions បាននិយាយថា Nissan មានរថយន្ត SUV ខ្នាតធំដែលប្រើលើតួរថយន្ត ដូចជា Armada និង Infiniti QX80 ដែល Honda មិនមាន ដោយមានកម្លាំងអូសធំ និងដំណើរការផ្លូវល្អផងដែរ។ Nissan ក៏មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការសាងសង់អាគុយ និងរថយន្តអគ្គិសនី ព្រមទាំងម៉ាស៊ីនភ្លើង hybird អគ្គិសនី ដែលអាចជួយ Honda ក្នុងការអភិវឌ្ឍន៍រថយន្ត EVs របស់ខ្លួន និងរថយន្តកូនកាត់ ជំនាន់ក្រោយ ៕