បច្ចេកវិទ្យា

Samsung នឹងពន្យារពេលការចេញលក់ Galaxy S25 នៅវៀតណាម រហូតដល់ក្រោយបុណ្យចូលឆ្នាំថ្មី

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតិថិជនវៀតណាមអាចបញ្ជាទិញ Galaxy S25 ជាមុន បន្ទាប់ពីការដាក់លក់ជាសាកលនៅថ្ងៃទី ២២ ខែមករា ប៉ុន្តែឧបករណ៍នេះនឹងមកដល់ក្នុងខែកុម្ភៈតែប៉ុណ្ណោះ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។

ប្រភពលក់រាយបាននិយាយថា ដំបូងឡើយ Samsung គ្រោងនឹងបញ្ចេញស្មាតហ្វូននេះក្នុងប្រទេសវៀតណាម មុនពេលបុណ្យចូលឆ្នាំថ្មី ប៉ុន្តែបានប្រឈមមុខនឹងបញ្ហាផ្នែកដឹកជញ្ជូន និងទីផ្សារ ដែលនាំឲ្យមានការពន្យារពេល។ បុណ្យចូលឆ្នាំថ្មីនេះនឹងមានរយៈពេលចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ។

ទោះបីជារដូវកាលវិស្សមកាលរបស់វៀតណាមគឺជារយៈពេលនៃការលក់ដ៏សំខាន់សម្រាប់ម៉ាកទូរសព្ទចល័តក៏ដោយ ក៏ក្រុមហ៊ុនបានជ្រើសរើសពន្យារពេលការចេញលក់ដើម្បីកាត់បន្ថយហានិភ័យ។

យោងតាម FNNews បាននិយាយថា ការលក់នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ នៅលើទីផ្សារជ្រើសរើសដូចជាអាមេរិក និងកូរ៉េខាងត្បូង ហើយវៀតណាមនឹងធ្វើតាម។ ទន្ទឹមនឹងនោះ Xiaomi និង Oppo បានដាក់លក់ស៊េរី Redmi Note 14 និង Reno 13 របស់ពួកគេទាន់ពេលសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។

Galaxy S25, S25 Plus និង S25 Ultra ត្រូវបានគេរំពឹងថានឹងដឹកនាំការលក់របស់ក្រុមហ៊ុន Samsung នៅប្រទេសវៀតណាមក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។ ទូរស័ព្ទ Galaxy S24 គ្រប់គ្រងការលក់ឆ្នាំ២០២៤ ខណៈស៊េរី Galaxy Z អាចបត់បានដំណើរការមិនល្អ។ Galaxy S25 Ultra ជាម៉ូដែលដែលមានថាមពលខ្លាំងបំផុតត្រូវបានគេរំពឹងថានឹងមាន RAM ទំហំ 16GB ដែលកើនឡើងពី 12GB បច្ចុប្បន្ន។

ភ្ជាប់ជាមួយបន្ទះឈីប Snapdragon ថ្មី វាមានគោលបំណងពង្រឹងសមត្ថភាព AI និងដំណើរការទាំងមូល។ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេរំពឹងថានឹងបង្ហាញកាសស្តាប់ពិតនិម្មិតដើម្បីប្រកួតប្រជែងជាមួយ Apple Vision Pro ៕

Most Popular

To Top