បច្ចេកវិទ្យា

LG Electronics ចាប់ដៃគូជា មួយក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Microsoft សម្រាប់ការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត (AI)

អាមេរិក ៖ ក្រុមហ៊ុន LG Electronics កាលពីថ្ងៃចន្ទ បានប្រកាសពីភាពជាដៃគូ យុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Microsoft ក្នុងគោលបំណងដឹកនាំការច្នៃប្រឌិតបញ្ញាសិប្បនិម្មិត (AI) ដោយរួមបញ្ចូលគ្នា នូវការយល់ដឹងពីអតិថិជន របស់ខ្លួនពីឧបករណ៍ និងកន្លែងផ្សេងៗជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Korea Times ។

លោក Cho Joo-wan នាយកប្រតិបត្តិក្រុមហ៊ុន LG Electronics បាននិយាយក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយថ្ងៃ មុនការបើក CES 2025 ថា ក្រោមភាពជាដៃគូ ក្រុមហ៊ុនទាំង២នឹងសហការគ្នាលើការអភិវឌ្ឍន៍ និងការរីកចម្រើននៃភ្នាក់ងារ AI សម្រាប់ប្រើប្រាស់ក្នុងទីធ្លាផ្សេងៗ រាប់ចាប់ពីផ្ទះ រហូតដល់យានជំនិះ សណ្ឋាគារ ការិយាល័យ និងកន្លែងជាច្រើនទៀត។

LG Electronics បានដាក់បញ្ចូលបច្ចេកវិទ្យា ការទទួលស្គាល់ការនិយាយ និងការសំយោគរបស់ Microsoft នៅក្នុងគម្រោង AI home hub របស់ខ្លួន ដែលធ្វើឲ្យ AI យល់ពីការសង្កត់សំឡេងផ្សេងៗ របស់អតិថិជនក្នុងស្ថានភាពផ្សេងៗគ្នា ។ ក្រុមហ៊ុន LG Electronics និង Microsoft ក៏មានគម្រោងសហការបង្កើតភ្នាក់ងារ AI ថ្មីមួយ ដែលមិនត្រឹមតែមានអន្តរកម្មជាមួយអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាករណ៍ពីតម្រូវការ និងចំណូលចិត្តរបស់ពួកគេផងដែរ ។

លោក Judson Althoff អនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន Microsoft ត្រូវបានណែនាំដោយលោក Cho ក៏បានគូសបញ្ជាក់ពីកិច្ចសហការរបស់ក្រុមហ៊ុនទាំង២ ក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ AI ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ចំពេលមានការរីកចម្រើន AI ។

ពួកគេគ្រោងនឹងធ្វើការរួមគ្នា ដើម្បីបង្កើតដំណោះស្រាយដ៏ល្អប្រសើរ សម្រាប់មជ្ឈមណ្ឌលទិន្នន័យជំនាន់ក្រោយរបស់ Microsoft ដោយបញ្ចូលបច្ចេកវិទ្យាត្រជាក់ខ្នាតធំរបស់ក្រុមហ៊ុន LG Electronics “Chiller” រួមជាមួយនឹងដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ។

លោក Cho បានបន្តថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Microsoft គឺស្របតាមការសង្កត់ធ្ងន់ របស់ខ្លួនលើបច្ចេកវិទ្យា AI ប្រកបដោយក្តីស្រលាញ់ ដែលមានបំណងផ្តល់នូវបទពិសោធន៍ អតិថិជនខុសប្លែកគ្នាតាមរយៈ AIs ដែលមានការយល់ចិត្តកាន់តែច្រើន ដោយបង្ហាញពីរបៀបដែល AI កំពុងក្លាយជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃ ៕

Most Popular

To Top