DeepSeek កម្មវិធី AI ថ្មីរបស់ចិន បានឡើងទៅកាន់កំពូលតារាង នៃ downloads របស់ Apple App Store។ នេះមានន័យថា កម្មវិធី AI ថ្មីនេះ បានវ៉ាជែង ឈរនៅលេខ១ ហើយបានទម្លាក់ ChatGPT ដែលជាកម្មវិធី AI ល្បីល្បាញពេញពិភពលោកនោះ មកឈរនៅលេខ២ វិញ។
អ្វីដែលធ្វើឱ្យ កម្មវិធី DeepSeek ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងនោះ ដោយសារតែ កម្មវិធី AI របស់ចិនមួយនេះ ចំណាយអស់ថ្លៃតិចតួចប៉ុណ្ណោះលើការផលិតឡើង បើធៀបជាមួយនឹង ChatGPT ដែលចាយថ្លៃផលិតអស់ច្រើនមហាសាល។ ត្បិតថា ជាកម្មវិធីដែលទើបទទួលបានការចាប់អារម្មណ៍នៅជុំវិញពិភពលោក ប៉ុន្តែ វត្តមានរបស់ DeepSeek ធ្វើឱ្យផ្សារហ៊ុនរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មានការប្រែប្រួល ជាក់ស្តែង ក្រុមហ៊ុន Nvidia បានធ្លាក់ថ្លៃនៅលើផ្សារហ៊ុន អស់ជិត ៦ រយពាន់លានដុល្លារ អាមេរិក ដែលជាកំណត់ត្រា ធ្លាក់ថ្លៃខ្ពស់បំផុតក្នុង ១ថ្ងៃ ក្នុងប្រវត្តិសាស្រ្តអាមេរិក។
DeepSeek ត្រូវបានដាក់ឱ្យ ទាញយក ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS និងជាកម្មវិធី free AI-powered chatbot ដែលប្រព័ន្ធដំណើរការស្រដៀងគ្នា ទៅនឹង ChatGPT។ នេះមានន័យថា វាត្រូវបានគេប្រើប្រាស់ សម្រាប់បំពេញការងារមួយចំនួន ដូចគ្នាទៅនឹងកម្មវិធី ChatGPT ដែរ ហើយ កម្មវិធី DeepSeek មានសមត្ថភាពអាចធ្វើបានល្អ មិនចាញ់ដៃគូ ប្រកួតប្រជែងរបស់វានោះទេ។ ចំណុចពិសេសមួយ ដែលធ្វើឱ្យកម្មវិធីទើបនឹងចេញនេះ អាចទាក់ទាញឱ្យមានអ្នកប្រើប្រាស់ នោះគឺដោយសារតែវា ជាកម្មវិធី free និងជាលក្ខណៈ Open Source ថែមទៀតផង៕
ប្រភព៖ BBC អត្ថបទ ៖ គីម ណារ៉ាក់