បច្ចេកវិទ្យា

ប៉ូលិសវៀតណាម បានវាយឆ្មកចូលទី តាំងផ្ទេរសាច់ប្រាក់ឧក្រិដ្ឋកម្ម និងចាប់ខ្លួនមនុស្សចំនួន ២១ នាក់ ជាប់ពាក់ព័ន្ធ នឹងការលាងលុយឆ្លងដែន

VN Express

វៀតណាម ៖ ប៉ូលិសវៀតណាម បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនមនុស្ស ចំនួន ២១ នាក់ ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ ដែលបានផ្ទេរសាច់ប្រាក់ឧក្រិដ្ឋកម្ម មានចំនួនទឹកប្រាក់ ៧៨.៥ លានដុល្លាររវាងប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសជិតខាង យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីសនៅទីក្រុង Dong Nai បាននិយាយក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអ៊ីនធើណេតថា អ្នកជាប់ឃុំ និងជនជាតិវៀតណាមទាំងអស់ មកពីភាគខាងត្បូងខេត្ត Dong Nai និងខេត្តភាគខាងជើងមួយចំនួន ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកុម្ភៈ។

ប៉ូលីសបានបន្តថា ក្រុមក្មេងទំនើងដែលមានមេខ្លោងជាស្ត្រី បានផ្ទេរប្រាក់ចំនួន ២ ពាន់ពាន់លានដុង (៧៨.៥ លានដុល្លារអាមេរិក) សម្រាប់ល្បែងស៊ីសង និងការក្លែងបន្លំតាមអ៊ីនធើណឹត សម្រាប់អង្គការឆ្លងដែន ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសជិតខាង ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤ ។

ប៉ូលិសបានបន្ថែមថា ពួកគេបានបង្កើតក្រុមហ៊ុន ចំនួន ៣០ និងបង្កើតគណនីធនាគារអាជីវកម្មចំនួន ១៥០ ដើម្បីផ្ទេរ និងធ្វើឲ្យស្របច្បាប់នូវប្រាក់ ដែលទទួលបាន តាមរយៈការក្លែងបន្លំ ឬល្បែងស៊ីសង ។ កាលពីខែមករា ប៉ូលិសវៀតណាមបានចាប់ខ្លួនមនុស្ស ៥ នាក់ និងវាយកម្ទេចទី តាំងលាងលុយឆ្លងដែនស្រដៀងគ្នានេះ មានតម្លៃ ១,២ ពាន់លានដុល្លារ។

កាលពីខែតុលា មហាសេដ្ឋីអចលនទ្រព្យវៀតណាម Truong My Lan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទលាងលុយកខ្វក់ បើទោះជាលោកស្រីកំពុងប្តឹង ឧទ្ធរណ៍ចំពោះសាលក្រមក្តី ។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវ បានកាត់ទោសប្រហារជីវិត រួចហើយសម្រាប់ការក្លែងបន្លំ សរុបចំនួន ២៧ ពាន់លានដុល្លារនៅក្នុងករណី ដាច់ដោយឡែកមួយ ៕

Most Popular

To Top