ជប៉ុន ៖ នេះបើយោងតាម Bloomberg News បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីមនុស្ស ដែលដឹងពីបញ្ហានេះថា ក្រុមហ៊ុន Nissan Motor កំពុងពិចារណាជំនួស នាយកប្រតិបត្តិរបស់ខ្លួន លោក Makoto Uchida បន្ទាប់ពីដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន កាន់តែយ៉ាប់យ៉ឺន និងការដួលរលំនៃកិច្ចពិភាក្សា ដើម្បីបញ្ចូលគ្នាជាមួយក្រុមហ៊ុន Honda Motor នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily ។
Bloomberg News បានដកស្រង់សម្ដីមនុស្សម្នាក់ថា នាយកក្រុមហ៊ុន Nissan កំពុងពិនិត្យមើលការចាប់អារម្មណ៍ លើបេក្ខជនដែលមានសក្តានុពល ដើម្បីស្នងតំណែង Uchida ជានាយកប្រតិបត្តិតាំងពីចុងឆ្នាំ ២០១៩ ។ ចំណែកReuters មិនអាចទាក់ទងតំណាងក្រុមហ៊ុន Nissan ភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ ។
ប្រភពបាននិយាយថា Nissan និង Honda បានបញ្ចប់ការចរចារួមគ្នា ដើម្បីបង្កើតក្រុមហ៊ុនរថយន្តតម្លៃ ៦០ ពាន់លានដុល្លារកាលពីដើមខែនេះ។ កិច្ចព្រមព្រៀង ដែលក្រុមហ៊ុនផលិតរថយន្ត បានពិភាក្សាតាំងពីខែធ្នូ ទីបំផុតត្រូវបានលុបចោល ដោយសំណើរបស់ Honda ដើម្បីធ្វើឲ្យ Nissan ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ។
លោក Uchida បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីបានប្រកាសពីការបញ្ចប់កិច្ច ពិភាក្សាបញ្ចូលគ្នាថា ការបញ្ចប់ភាពទន់ខ្សោយរបស់ក្រុមហ៊ុន Nissan គឺជាបញ្ហាបន្ទាន់បំផុត បន្ទាប់ពីនោះគាត់នឹងសុខចិត្តចុះចូល ៕
