បច្ចេកវិទ្យា

ក្មេងជំទង់ជាសិស្ស ៣ នាក់ត្រូវបានចាប់ខ្លួន ពីបទក្លែងបន្លំកិច្ចសន្យា ទិញទូរស័ព្ទដោយប្រព័ន្ធ បញ្ញាសិប្បនិម្មិត ChatGPT

Japantoday

តូក្យូ៖ ប៉ូលិសក្រុងតូក្យូបាននិយាយថា ក្មេងជំទង់ ៣ នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា មានការចូលប្រើប្រាស់ប្រព័ន្ធ នៃក្រុមហ៊ុនទូរស័ព្ទចល័តរបស់ Rakuten Group Inc ដើម្បីក្លែងបន្លំទិញកិច្ចសន្យា ដោយប្រើអ្វីដែលគេជឿថា ជាកម្មវិធីបង្កើតដោយខ្លួនឯង ដែលសរសេរដោយជំនួយពី Chatbot បញ្ញាសិប្បនិម្មិត ChatGPT យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today  ។

សិស្សប្រុសទាំង៣នាក់នេះ មានអាយុ ១៥ ឆ្នាំមកពីខេត្ត Shiga អាយុ ១៦ ឆ្នាំមកពីខេត្ត Gifu និងអាយុ ១៤ ឆ្នាំមកពីភាគខាងលិចទីក្រុងតូក្យូ ត្រូវបានគេចោទប្រកាន់ថា បានលក់ទូរស័ព្ទយ៉ាងហោចណាស់ ២,៥០០ ខ្សែ ដែលពួកគេទទួលបានដោយខុសច្បាប់ ដោយទទួលបានប្រាក់ប្រហែល ៧.៥ លានយ៉េនពីរូបិយប័ណ្ណគ្រីបតូ។

អ្នកទាំង ៣ ត្រូវបានគេជឿថាបានជួបគ្នាតាមរយៈ ការលេងហ្គេមអនឡាញ។ ពួកគេបានចូលប្រើប្រព័ន្ធរបស់ Rakuten Mobile Inc. ដោយឡែកពីគ្នា ដើម្បីចុះកិច្ចសន្យាក្រោមឈ្មោះ បុគ្គលផ្សេងទៀតនៅចន្លោះខែឧសភា និងខែសីហា។

ប៉ូលីសបានរកឃើញសំណុំ ID និងលេខសម្ងាត់ប្រហែល ៣.៣ ពាន់លាននៅលើកុំព្យូទ័ររបស់ជនសង្ស័យ ដោយទិន្នន័យដែលគេជឿថា ត្រូវបានទិញពីភាគីទី ៣ តាមរយៈកម្មវិធី ផ្ញើសារដែលបានអ៊ិនគ្រីប Telegram ។

យោងតាមប៉ូលីសបាននិយាយថា អ្នកទាំង ៣ នាក់បានប្រើកម្មវិធីព្យាយាម ចូលទៅក្នុងប្រព័ន្ធរបស់ Rakuten Mobile ដោយស្វ័យប្រវត្ត ដោយប្រើលេខសម្គាល់ និងពាក្យសម្ងាត់រួមបញ្ចូលគ្នា។ បន្ទាប់មកវានឹងទាញយកគណនី ដែលវាបានចូលដោយជោគជ័យ និងប្រតិបត្តិកិច្ចសន្យា នៅក្រោមគណនីទាំងនោះ។ Generative AI ត្រូវបានប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពដំណើរការរបស់កម្មវិធី។

កម្មវិធីនេះត្រូវបានបង្កើតឡើងជាចម្បងដោយសិស្សវិទ្យាល័យអាយុ ១៦ ឆ្នាំមកពីខេត្ត Gifu ។ សិស្សវិទ្យាល័យអាយុ ១៥ ឆ្នាំមកពីខេត្ត Shiga ត្រូវបានគេសង្ស័យថា ជាមេក្លោងនោះ ត្រូវបានដកស្រង់សម្តីដោយប្រាប់ប៉ូលីសថា លោក ចង់ទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញ សង្គមខណៈ២នាក់ទៀតបាននិយាយថា ពួកគេចង់បានលុយ។

និស្សិតត្រូវបានគេជឿថាបានប្រើប្រាស់ ប្រាក់ដែលពួកគេរកបាន ដើម្បីទិញម៉ាស៊ីនហ្គេម និងលេងល្បែងនៅក្នុងកាស៊ីណូអនឡាញ។ ពួកគេត្រូវបានចាប់ខ្លួនចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ៕

Most Popular

To Top