វ៉ាស៊ីនតោន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនរថយន្តយក្ស របស់កូរ៉េខាងត្បូង Hyundai កាលពីថ្ងៃចន្ទបានប្រកាស ពីការវិនិយោគ រាប់ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក រួមទាំងរោងចក្រដែកថ្មីចំនួន ៥,៨ ពាន់លានដុល្លារផងដែរ។
ប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai លោក Euisun Chung បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានជាមួយ លោកប្រធានាធិបតី Donald Trump ថា រោងចក្រដែលនឹងមានទីតាំងនៅរដ្ឋ Louisiana នឹងបង្កើតការងារចំនួន ១,៣០០កន្លែងសម្រាប់ ជនជាតិអាមេរិក ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះក៏នឹង បម្រើជាជាមូលដ្ឋាន គ្រឹះសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់យានយន្ត ដែលពឹងផ្អែកលើខ្លួនឯង និងសុវត្ថិភាពបន្ថែមទៀត នៅក្នុងសហរដ្ឋអាមេរិក។
ការប្រកាសរបស់ក្រុមហ៊ុន Hyundai ធ្វើឲ្យវាក្លាយជាក្រុមហ៊ុន ចុងក្រោយគេ ដែលប្រកាសពីគម្រោង វិនិយោគរាប់ ពាន់លានដុល្លារនៅអាមេរិក ចាប់តាំងពីការវិលត្រឡប់របស់លោក Donald Trump ឡើងកាន់អំណាចក្នុងខែមករា ។ ប្រធានាធិបតីអាមេរិក បានគំរាមម្តងហើយម្តងទៀតថា នឹងដាក់ពន្ធដ៏ឈឺ ចាប់លើក្រុមហ៊ុន ដែលមិនផ្លាស់ប្តូរការងារ ផលិតកម្មទៅកាន់ សហរដ្ឋអាមេរិក ពីក្រៅប្រទេស ។
ជាការឆ្លើយតប ក្រុមហ៊ុនក្នុងស្រុក និងបរទេស រួមទាំង Apple និង Oracle បានប្រកាសផែនការ វិនិយោគរាប់ រយពាន់លាន ដុល្លារទៅក្នុងគម្រោង របស់អាមេរិករយៈពេល ៤ ឆ្នាំខាងមុខ ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា រថយន្តកំពុងមក ដល់ប្រទេសនេះ ក្នុងកម្រិតដែលមិន ធ្លាប់មានពីមុនមក។ លោកបានបន្តថា ការវិនិយោគនេះគឺជាការបង្ហាញយ៉ាងច្បាស់ថា ពន្ធមានប្រសិទ្ធភាពខ្លាំង។ លោកបានបន្ថែមថា ក្រុមហ៊ុន Hyundai នឹងផលិត ដែកនៅអាមេរិក និងផលិតរថយន្ត របស់ខ្លួននៅអាមេរិក ហើយជាលទ្ធផល ពួកគេនឹងមិនចាំបាច់បង់ ពន្ធណាមួយឡើយ៕
