មហាសេដ្ឋីបច្ចេកវិទ្យា អេឡុន ម៉ាស (Elon Musk) បាននិយាយថា មនុស្សយន្តនឹងក្លាយជាអាជីវកម្ម ដ៏ធំមួយដែលអាចរកចំណូល បានជាង ១០ ទ្រីលានដុល្លារ ដោយផ្អែកលើគម្រោង Optimus របស់ក្រុមហ៊ុន Tesla។ ការលើកឡើងនេះបានកើតឡើង នៅក្នុងខែមីនានេះ ខណៈដែលប្រទេសចិន កំពុងបង្ហាញពីភាពជឿនលឿន គួរឱ្យចាប់អារម្មណ៍ ក្នុងវិស័យមនុស្សយន្ត ដែលធ្វើឱ្យមានការ ប្រកួតប្រជែងកាន់តែខ្លាំងជាមួយ សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន CNN កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ បានរាយការណ៍ថា មនុស្សយន្តមួយក្រុម នៅប្រទេសចិនបានបង្ហាញ សមត្ថភាពរបស់ខ្លួន ដូចជាការរាំតាមចង្វាក់តន្ត្រីប្រពៃណី និងសកម្មភាពផ្សេងៗ នៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី។ វីដេអូនៃមនុស្សយន្តទាំងនេះ ដែលអាចជិះកង់ និងធ្វើចលនាបត់បែនបាន បានក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញអ៊ីនធឺណិត ដែលជំរុញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ ទោះបីជាមនុស្សយន្តទាំងនេះមិនទាន់ផលិតច្រើនសម្រាប់ទីផ្សារក៏ដោយ ក៏វាបានបង្ហាញពីសក្តានុពលដ៏ធំធេងរបស់ចិន ដែលអាចប្រជែងជាមួយគម្រោងមនុស្សយន្ត Optimus របស់លោក អេឡុន ម៉ាស។

អេឡុន ម៉ាស បានបង្ហាញមនុស្សយន្ត Optimus ជាលើកដំបូងក្នុងឆ្នាំ ២០២២ ដោយលោកបានទស្សទាយថា មនុស្សយន្តនេះនឹងផ្លាស់ប្តូរពិភពលោក ដោយអាចជួយធ្វើកិច្ចការផ្ទះ និងមើលថែទាំមនុស្ស។ លោកបានបន្ថែមថា Tesla កំពុងឈានមុខគេក្នុងវិស័យនេះ បើប្រៀបធៀបនឹងក្រុមហ៊ុនផ្សេងៗដូចជា Figure AI និង Apptronik នៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ប្រទេសចិន កំពុងបង្ហាញភាពរីកចម្រើន យ៉ាងឆាប់រហ័ស ។ ការបង្ហាញមនុស្សយន្តរបស់ចិន មិនត្រឹមតែទាក់ទាញ ចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនការ ព្រួយបារម្ភអំពីការប្រកួត ប្រជែងផ្នែកបច្ចេកវិទ្យារវាងប្រទេសទាំងពីរ ។ អ្នកជំនាញខ្លះបានលើកឡើងថា ប្រសិនបើ ចិនអាចផលិតមនុស្ស យន្តក្នុងបរិមាណច្រើន និងតម្លៃទាបជាង Tesla វាអាចប៉ះពាល់ដល់ផែនការរបស់ អេឡុន ម៉ាស។
ខណៈដែលក្រុមហ៊ុនធំៗដូចជា Microsoft, Nvidia និង Meta ក៏កំពុងវិនិយោគលើមនុស្សយន្តដែរ អេឡុន ម៉ាសនៅតែជឿជាក់ថា Tesla នឹងឈរនៅជួរមុខ។ អនាគតនៃឧស្សាហកម្មមនុស្សយន្តនេះ នឹងអាស្រ័យលើថាតើក្រុមហ៊ុនណាអាចបង្កើតបច្ចេកវិទ្យាដែលទាំងមានប្រសិទ្ធភាព និងអាចចូលដល់ទីផ្សារបានលឿនជាងគេ។ ជាមួយនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីប្រទេសចិន និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត តើក្តីសុបិន ១០ ទ្រីលានដុល្លារបស់ អេឡុន ម៉ាស នឹងក្លាយជាការពិត ឬក៏គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ?
