ប្រទេសចិន បានឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យាជាមួយនឹងការបង្ហាញ រថយន្តហោះអគ្គិសនី ដំបូងគេរបស់ខ្លួន ដែលមានឈ្មោះថា “Southeast University Kunpeng No. 1″។ រថយន្តហោះនេះត្រូវបានបង្ហាញជាផ្លូវការ ដោយក្រុមអ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Southeast University នៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ។

យោងតាមសេចក្តី ប្រកាសពីសាកលវិទ្យាល័យ រថយន្តហោះ “Kunpeng No. 1” គឺជារថយន្តហោះអគ្គិសនីដំបូងគេ របស់ប្រទេសចិនដែលប្រើប្រាស់បច្ចេកវិទ្យា “distributed electric drive” ដោយមានសមត្ថភាពធ្វើចលនាទាំងនៅលើដី និងក្នុងអាកាស ។ លោកសាស្ត្រាចារ្យ Yin Guodong ដែលជាអ្នកដឹកនាំគម្រោងនេះបាននិយាយថា “នេះគឺជារថយន្ត ហោះដំបូងគេរបស់ចិនដែលប្រើ រថយន្តជាយានជំនិះចម្បង មិនមែនជាយន្តហោះតូច (drone) នោះទេ ដែលអនុញ្ញាតឱ្យវាផ្លាស់ប្តូរ រវាងការបើកបរនៅលើដី និងការហោះហើរ ក្នុងអាកាសបានយ៉ាងរលូន”។
រថយន្តហោះនេះ មានទម្ងន់អតិបរមា ៥០០ គីឡូក្រាម អាចហោះបានយ៉ាងហោចណាស់ ២០ នាទី និងឡើងដល់កម្ពស់អតិបរមាជាង ៣០០ ម៉ែត្រ ។ នៅពេលបើកបរលើដី វាអាចសម្រេចបានល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ បច្ចុប្បន្ន វាដំណើរការដោយថ្ម ដែលមានសមត្ថភាពខ្ពស់ ហើយក្រុមអ្នកស្រាវជ្រាវ កំពុងធ្វើការលើបច្ចេកវិទ្យាថ្មីដើម្បីបង្កើនរយៈពេលហោះហើរឱ្យលើសពី ២ ម៉ោងសម្រាប់ជំនាន់ក្រោយ។

រថយន្តហោះ “Kunpeng No. 1” ត្រូវបានរចនាឡើង ជាមួយនឹងប្រព័ន្ធ all-wheel steering និងប្រព័ន្ធជំរុញអគ្គិសនី ចែកចាយ ដែលមានបួនកង់ និងបួនរ៉ូទ័រ ។ វាត្រូវបានគេមើលឃើញថា ជាជំហានដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍរបៀប ដឹកជញ្ជូនថ្មី សម្រាប់អនាគត និងរួមចំណែកដល់ សេដ្ឋកិច្ចដែលជាផ្នែកមួយ នៃគោលដៅជាតិ ឆ្នាំ២០២៥ របស់ចិន។ ការបង្ហាញរថយន្តហោះនេះ បានទាក់ទាញការចាប់ អារម្មណ៍ជាសកល ដោយបង្ហាញពីសមត្ថភាព បច្ចេកវិទ្យារបស់ចិន ក្នុងការប្រកួតប្រជែងជាមួយ បណ្តាប្រទេសធំៗ ដទៃទៀត។ អ្នកជំនាញជឿជាក់ថា វាអាចជួយផ្លាស់ប្តូរវិធីធ្វើដំណើរ និងជំរុញការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍អគ្គិសនី នាពេលអនាគត៕
