បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Apple ប្រឈមមុខនឹងការស៊ើបអង្កេត ពីការឃោសនាស្រឡាញ់ភេទដូចគ្នានៅរុស្ស៊ី

រុស្ស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ TASS បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple កំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់នៅប្រទេសរុស្ស៊ី ចំពោះការចោទប្រកាន់ថា បានបំពានច្បាប់ស្តីពីការឃោសនាអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

ទីភ្នាក់ងារនេះបាននិយាយថា តុលាការ Tagansky ក្នុងទីក្រុងមូស្គូបានទទួលឯកសារសម្រាប់សំណុំរឿងនេះកាលពីថ្ងៃពុធ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាត្រូវបានចោទប្រកាន់ពីបទរំលោភលើផ្នែកទី៣ នៃមាត្រា ៦.២១ នៃក្រមការបំពានផ្នែករដ្ឋបាលរបស់ប្រទេសរុស្ស៊ី ដែលគ្របដណ្តប់ការឃោសនាតាមអ៊ីនធើណេតអំពីទំនាក់ទំនងផ្លូវភេទ និងចំណង់ចំណូលចិត្តដែលមិនមែនជាប្រពៃណី ការកំណត់ភេទឡើងវិញ និងមនោគមវិជ្ជាគ្មានកុមារ។

យោងតាមច្បាប់របស់រុស្ស៊ីបាននិយាយថា នីតិបុគ្គលអាចប្រឈមនឹងការផាកពិន័យរហូតដល់ ៤ លានរូប្លែ ស្មើនឹង៤៨,២០០ ដុល្លារអាមេរិក ឬត្រូវផ្អាកសកម្មភាពរបស់ពួកគេរហូតដល់ ៩០ ថ្ងៃ ប្រសិនបើរកឃើញថាមានកំហុសក្នុងការបំពាន។ TASS មិនបានប្រាប់ពីមូលហេតុជាក់លាក់ថា ហេតុអ្វីបានជាករណីប្រឆាំងនឹង Apple ត្រូវបានផ្ដួចផ្ដើមឡើង។

Baza Telegram បានផ្តល់យោបល់ថា ប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកឃ្លាំមើលឌីជីថលរបស់រុស្ស៊ី Roskomnadzor ប្រហែលជាមានបញ្ហាជាមួយផ្ទាំងរូបភាពដែលឧទ្ទិសដល់ LGBTQ Pride Month ត្រូវបានចែកចាយនៅលើ App Store ។ ខែមោទនភាពត្រូវបានសម្គាល់រៀងរាល់ខែមិថុនានៅអាមេរិក។

នេះបើតាមទីភ្នាក់ងារនេះថា កាលបរិច្ឆេទនៃសវនាការលើកដំបូងក្នុងករណីនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

Apple ត្រូវបានពិន័យជាច្រើនលើករួចមកហើយចំពោះការមិនលុបមាតិកាខុសច្បាប់នៅប្រទេសរុស្ស៊ី។ ក្នុងករណីបែបនេះ ក្រុមហ៊ុនត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ៨០០,០០០រូប្លែ(ប្រហែល ៩,០០០ដុល្លារអាមេរិក) ក្នុងខែមករា ឆ្នាំ ២០២៤ សម្រាប់ការបដិសេធមិនដកសៀវភៅរបស់ Adolf Hitler ជាមេដឹកនាំផ្តាច់ការណាស៊ីដែលមានចំណងជើងថា ‘Mein Kampf’ ត្រូវបានចុះបញ្ជីជាសម្ភារៈជ្រុលនិយមនៅប្រទេសរុស្ស៊ីពីកម្មវិធី Apple Books របស់ខ្លួន៕

Most Popular

To Top