បច្ចេកវិទ្យា

ប្រទេសម៉ាឡេស៊ី ដាក់ពាក្យបណ្តឹង រដ្ឋប្បវេណី ប្រឆាំងនឹងបណ្តាញសង្គម Telegram ជុំវិញខ្លឹមសារបំផ្លាញ ការជឿទុកចិត្ត

VN Express

ម៉ាឡេស៊ី ៖ ប្រទេសម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដាក់ពាក្យបណ្តឹង រដ្ឋប្បវេណីប្រឆាំងនឹងបណ្តាញសង្គម Telegram សម្រាប់ការចោទប្រកាន់ថា បានផ្សព្វផ្សាយខ្លឹមសារដែលអាចបំផ្លាញ ការជឿទុកចិត្តក្នុងស្ថាប័នសាធារណៈ និងគំរាមកំហែងដល់សណ្តាប់ធ្នាប់សង្គម យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

គណៈកម្មការទំនាក់ទំនង និង ពហុព័ត៌មានម៉ាឡេស៊ី (MCMC) បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា នេះគឺជាចំណាត់ការផ្លូវច្បាប់ ជាលើកដំបូងប្រឆាំងនឹងវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេស ។ MCMC បានបន្តថា Telegram ក្នុងស្រុកចំនួន ២ គឺ “Edisi Siasat” និង “Edisi Khas” ត្រូវបានគេរកឃើញថា បានចេះផ្សាយខ្លឹមសារដែលបំពាន លើបទប្បញ្ញត្តិក្រោមច្បាប់ទំនាក់ទំនង និងពហុព័ត៌មានឆ្នាំ ១៩៩៨ ។

វាបានចោទប្រកាន់ Telegram ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការដោះស្រាយខ្លឹមសារ ដែលត្រូវបានរាយការណ៍ម្តងហើយម្តងទៀតដល់ពួកគេ ទោះបីជាមានការខិតខំប្រឹងប្រែង ចរចាផ្សេងៗដោយ MCMC។ គណៈកម្មការមិនបានផ្តល់ព័ត៌មាន លម្អិតអំពីបណ្តឹងរដ្ឋប្បវេណី ឬខ្លឹមសារដែលត្រូវ បានគេចោទប្រកាន់នោះទេ ។

ប៉ុន្តែវាបាននិយាយថា តុលាការកំពូល បានចេញដីកាមួយ ដើម្បីបញ្ឈប់ការរីករាលដាលនៃសម្ភារៈប្រមាថត្រូវបានចោទប្រកាន់ និងការពារខ្លឹមសារស្រដៀងគ្នានេះ មិនឲ្យផ្សព្វផ្សាយ ។ គណៈកម្មាការបាននិយាយថា Telegram នឹងត្រូវបានផ្តល់កន្លែងសមរម្យ ដើម្បីបង្ហាញការការពាររបស់ខ្លួនស្របតាមគោលការណ៍ នៃយុត្តិធម៌ និងសិទ្ធិមនុស្ស។

MCMC ក៏បានព្រមានថា អាជ្ញាធរនឹងមិនស្ទាក់ស្ទើរ ក្នុងការចាត់វិធានការស្រដៀងគ្នានេះ ប្រឆាំងនឹងអ្នកផ្តល់សេវាផ្សេងទៀតទេ ដោយបន្ថែមថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ មានទំនួលខុសត្រូវសង្គម ដើម្បីធានាថាខ្លឹមសារ របស់ពួកគេមិនបំពានច្បាប់ម៉ាឡេស៊ី៕

Most Popular

To Top