បរទេសៈ ក្រុមហ៊ុន Microsoft កាលពីថ្ងៃសុក្រ បានកែប្រែការអនុវត្ត របស់ខ្លួនដើម្បីធានាថា វិស្វករនៅក្នុងប្រទេសចិន លែងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេសដល់អតិថិជន ការពារជាតិអាមេរិក ដោយប្រើសេវាកម្ម ទិន្នន័យរបស់ក្រុមហ៊ុន។

យោងតាមសារព័ត៌មាន CNBC ចេះផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរ នៅក្នុងកិច្ចខិតខំប្រឹងប្រែង មួយដើម្បីកាត់បន្ថយហានិភ័យសន្តិសុខជាតិ និងសន្តិសុខតាមអ៊ីនធឺណិត ដែលកើតចេញពីការងារលើ ទិន្នន័យ ឬ cloud របស់ខ្លួនជាមួយអតិថិជន ដ៏សំខាន់មួយ។ សេចក្តីប្រកាសនេះបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីសារព័ត៌មាន ProPublica បានចេញផ្សាយរបាយការណ៍ ទូលំទូលាយដែលពិពណ៌នា អំពីការពឹងផ្អែក របស់ក្រសួងការពារជាតិ លើវិស្វករកម្មវិធី software Microsoft នៅក្នុងប្រទេសចិន។
លោក Frank Shaw ដែលជាប្រធានផ្នែកទំនាក់ទំនង របស់ក្រុមហ៊ុន Microsoft បានសរសេរនៅលើ X ថា “ដើម្បីឆ្លើយតបទៅនឹងកង្វល់ ដែលបានលើកឡើង នៅដើមសប្តាហ៍នេះ អំពីវិស្វករបរទេស ដែលគ្រប់គ្រង ដោយសហរដ្ឋអាមេរិក ក្រុមហ៊ុន Microsoft បានធ្វើការផ្លាស់ប្តូរចំពោះការគាំទ្រ របស់យើងសម្រាប់អតិថិជន របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីធានាថាគ្មានក្រុមវិស្វករ ដែលមានមូលដ្ឋាននៅប្រទេសចិន ផ្តល់ជំនួយបច្ចេកទេសសម្រាប់ក្រសួងការពារជាតិអាមេរិក និងសេវាកម្មដែលពាក់ព័ន្ធនោះទេ។”
ការផ្លាស់ប្តូរនេះប៉ះពាល់ដល់ការងារនៃផ្នែកសេវាកម្ម cloud Azure របស់ក្រុមហ៊ុន Microsoft ដែលអ្នកវិភាគប៉ាន់ស្មានថា ឥឡូវនេះបង្កើតបានច្រើនជាង 25% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន ។ នោះធ្វើឱ្យ Azure ធំជាង Google Cloud ប៉ុន្តែតូចជាង Amazon Web Services ។ ក្រុមហ៊ុន Microsoft ទទួលបាន “ប្រាក់ចំណូលយ៉ាងច្រើន ពីកិច្ចសន្យា របស់រដ្ឋាភិបាល” នេះបើយោងតាមរបាយការណ៍ ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយបំផុតរបស់ខ្លួន ហើយច្រើនជាងពាក់កណ្តាល នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនចំនួន ៧០ ពាន់លានដុល្លារក្នុងត្រីមាសទីមួយ បានមកពីអតិថិជនដែលមាន មូលដ្ឋាននៅសហរដ្ឋអាមេរិក។
ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Microsoft បានឈ្នះកិច្ចសន្យាការពារ ដែលទាក់ទងនឹង cloud ចំនួន ១០ ពាន់លានដុល្លារ ប៉ុន្តែមន្ទីរបញ្ចកោណបានលុបចោលវានៅឆ្នាំ ២០២១ បន្ទាប់ពីការតតាំងគ្នាតាមផ្លូវច្បាប់។ នៅឆ្នាំ ២០២២ ក្រសួងបានផ្តល់កិច្ចសន្យាលើ cloud ដែលមានតម្លៃរហូតដល់ ៩ ពាន់លានដុល្លារដល់ក្រុមហ៊ុន Amazon, Google, Oracle និង Microsoft ៕
ប្រែសម្រួលៈ ណៃ តុលា
