បច្ចេកវិទ្យា

ក្រុមហ៊ុនយក្សអាមេរិក Apple ត្រៀមចេញលក់ MacBook តម្លៃ ៦០០ ដុល្លារតែប៉ុណ្ណោះ

Photo from Instagram

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ត្រូវបានគេរំពឹងថានឹងប្រកាស MacBook ថ្មីជាមួយនឹងអេក្រង់ទំហំ ១២.៩ អ៊ីង ដំណើរការដោយបន្ទះឈីប A18 Pro ដូចគ្នាដែលប្រើសម្រាប់ iPhone 16 Pro ក្នុងតម្លៃចាប់ពី ៥៩៩ ដុល្លារអាមេរិក។

Macrumors បាននិយាយថា MacBook ថវិកាដំបូងបានលេចឡើងនាខែមិថុនា នៅពេលអ្នកវិភាគ Ming-Chi Kuo បានបង្ហាញថា ក្រុមហ៊ុនកំពុងអភិវឌ្ឍកុំព្យូទ័រយួរដៃទំហំ ១៣ អ៊ីងមានតម្លៃសមរម្យដើម្បីប្រកួតប្រជែងជាមួយ Chromebooks និងជំរុញការលក់ MacBook ។

លោកបាននិយាយថា ឧបករណ៍នេះនឹងក្លាយជា Mac ដំបូងគេដែលប្រើប្រព័ន្ធដំណើរការ iPhone ជំនួសឲ្យបន្ទះឈីប M-series ដែលមានក្នុងត្រកូល Mac បច្ចុប្បន្ន។ បន្ទះឈីប M-series មានស្នូលកាន់តែច្រើន សមត្ថភាពអង្គចងចាំកាន់តែខ្ពស់ និងការគាំទ្រការបង្ហាញខាងក្រៅកាន់តែប្រសើរ។

លោក Kuo បានព្យាករណ៍ថា ការផលិតដ៏ធំនឹងចាប់ផ្តើមនៅចុងត្រីមាសទី ៤ ឆ្នាំ ២០២៥ ឬដើមត្រីមាសទី១ ឆ្នាំ ២០២៦ ។ ការចេញផ្សាយរបស់តៃវ៉ាន់ DigiTimes ដោយបានគាំទ្រការព្យាករណ៍របស់លោក ដោយបន្ថែមថា MacBook ថ្មីនឹងមានតម្លៃចន្លោះពី ៥៩៩ ដុល្លារទៅ ៦៩៩ ដុល្លារ៕

Most Popular

To Top