ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្លឹបហាត់ប្រាណមួយនៅទីក្រុង Taizhou ប្រទេសចិន បានបើកការប្រកួតសម្រកទម្ងន់ដោយផ្តល់រង្វាន់រថយន្ត Porsche Panamera ជារង្វាន់ធំសម្រាប់អ្នកដែលអាចសម្រកទម្ងន់ ៥០ គីឡូក្រាមក្នុងរយៈពេល ៣ ខែ។
នេះបើយោងតាមកាសែតប្រចាំថ្ងៃរបស់ចិន World Journal បានប្រាប់ឲ្យដឹងថា ការប្រកួតនេះ បានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែតុលា ត្រូវបានកំណត់អ្នកចូលរួមត្រឹមតែ ៣០ នាក់ប៉ុណ្ណោះ ហើយមនុស្ស ៧ ឬ ៨ នាក់បានចុះឈ្មោះក្នុងរយៈពេល២ថ្ងៃ។ ម្នាក់ៗត្រូវបង់ប្រាក់ ១០,០០០ យន់ស្មើនឹង ១,៤០០ ដុល្លារអាមេរិកសម្រាប់កម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែ រួមមានកន្លែងស្នាក់នៅ និងអាហារ ៣ ពេលក្នុងមួយថ្ងៃ។

លោក Wang ជាគ្រូបង្វឹកនៅក្លឹបហាត់ប្រាណ បាននិយាយថា ការប្រកួតរបស់យើងនឹងជំរុញអ្នកចូលរួមឲ្យដល់កម្រិតកំណត់របស់ពួកគេ។ យើងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការណែនាំអំពីរបបអាហារ ដើម្បីធានាបាននូវការសម្រកទម្ងន់ដោយសុវត្ថិភាព។
លោកបានបន្តថា ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញទឹកចិត្តមនុស្សឲ្យបង្កើនសុខភាពរបស់ពួកគេតាមរយៈរង្វាន់ជាក់ស្តែង។ វាជារថយន្តរបស់ប្រធានខ្ញុំ ជារថយន្ត Porsche ពិតប្រាកដដែលគាត់បានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ។ នៅប្រទេសចិន រថយន្ត Porsche Panamera ថ្មីមានតម្លៃចាប់ពីជាង ១ លានយ័ន ស្មើនឹង ១៤០,១០០ ដុល្លារ។
ប៉ុន្តែបញ្ហាប្រឈមនៃការសម្រកទម្ងន់នេះបានទាក់ទាញការរិះគន់ពីអ្នកជំនាញសុខភាព បាននិយាយថា ការសម្រកទម្ងន់ ៥០ គីឡូក្រាមក្នុងរយៈពេល ៣ ខែ គឺជាគោលដៅដ៏ធ្ងន់ធ្ងរមួយអាចបង្កហានិភ័យសុខភាពធ្ងន់ធ្ងរ ហើយជំនួសមកវិញបានណែនាំឲ្យសម្រកទម្ងន់ ០.៥ទៅ ១ គីឡូក្រាមក្នុងមួយសប្តាហ៍សម្រាប់លទ្ធផលដែលមានសុវត្ថិភាព និងមាននិរន្តរភាព។
គ្រូបង្វឹកហាត់ប្រាណជាច្រើនបាននិយាយថា ការសម្រកទម្ងន់យ៉ាងឆាប់រហ័សដោយមិនមានការត្រួតពិនិត្យពីគ្រូពេទ្យអាចនាំឲ្យបាត់បង់សាច់ដុំ អតុល្យភាពអ័រម៉ូន និងសម្ពាធសរសៃឈាមបេះដូង៕
