សេអ៊ូល៖អ្នកស៊ើបអង្កេត របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា YouTuber ម្នាក់ដែលត្រូវបានគេជឿថា បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជាភាសាជប៉ុន អំពីការរកឃើញសាកសព ដែលត្រូវបានកាត់ផ្តាច់ជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រធានបទ នៃការស៊ើបអង្កេតដ៏ក្តៅគគុក លើបណ្តាញផ្សព្វផ្សាយសង្គម យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់សម្តីទីភ្នាក់ងារប៉ូលីសជាតិ កូរ៉េខាងត្បូង បាននិយាយថា ជនសង្ស័យជាជនជាតិកូរ៉េខាងត្បូងរូបនេះ ធ្លាប់បានបង្ហោះវីដេអូ ដែលផ្សព្វផ្សាយអារម្មណ៍ប្រឆាំងនឹងចិន និងខ្លឹមសារផ្សេងទៀតនៅលើ YouTube។
ជាក់ស្តែង លោកផ្តោតលើទស្សនិកជន ជប៉ុន ដោយការចោទប្រកាន់ចុងក្រោយ របស់លោកបានបង្កឲ្យមានការជជែកវែកញែក អំពីសុវត្ថិភាពក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយសង្គមជប៉ុន។
ទីភ្នាក់ងារនេះ បានបញ្ជាក់ថា សកម្មភាពរបស់ YouTuber រូបនេះបានបង្កឲ្យមានការព្រួយបារម្ភ ពីសាធារណជនដោយការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ ដោយបន្ថែមថា វានឹងចាត់វិធានការ រហ័ស និងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិរបស់មនុស្សក្នុងការដឹង និងទប់ស្កាត់ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយបន្ថែមទៀតតាមអ៊ីនធើណេត ៕
