អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងសម្លឹងមើលការបង្កើនលទ្ធភាពប្រើប្រាស់ iPhone ដោយការអភិវឌ្ឍមុខងារដែលដំណើរការដោយផ្កាយរណបហៅ “មុខងារផ្កាយរណប Apple iPhone” លើសពីការផ្ញើសារជាអក្សរ និងការហៅទូរស័ព្ទបន្ទាន់ទៀតផង។
មុខងារផ្កាយរណប Apple iPhone នេះ អ្នកប្រើប្រាស់ iPhone ឆាប់ៗនេះអាចទទួលបានមុខងារដែលដំណើរការដោយផ្កាយរណបកាន់តែច្រើន ខណៈ Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការពង្រីកឧបករណ៍ភ្ជាប់របស់ខ្លួនលើសពីការហៅទូរស័ព្ទបន្ទាន់ និងសេវាកម្មផ្ញើសារជារូបភាព។
នេះបើយោងតាមព្រឹត្តិប័ត្រព័ត៌មាន ‘Power On’ ចុងក្រោយបំផុតដោយ Mark Gurman របស់ Bloomberg បានឲ្យដឹងថា មុខងារថ្មីរបស់ iPhone នឹងទាញយកអត្ថប្រយោជន៍ពីការតភ្ជាប់ផ្កាយរណប ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់ប្រើប្រាស់ Apple Maps ដោយមិនចាំបាច់មានអ៊ីនធឺណិត ផ្ញើរូបថតក្នុងការផ្ញើសារជាដើម។
យោងតាមរបាយការណ៍របស់ Gurman បានបន្តថា មុខងារទាំងនេះនៅតែស្ថិតក្នុងការអភិវឌ្ឍន៍ ពួកវាត្រូវបានគេរាយការណ៍ថានឹងប្រើប្រាស់ដោយឥតគិតថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់អាចត្រូវបង់ប្រាក់បន្ថែមដល់ក្រុមហ៊ុនទូរគមនាគមន៍របស់ពួកគេសម្រាប់ការគាំទ្រកម្រិតខ្ពស់ជាងនេះ។ បច្ចុប្បន្ន Apple មិនមានគម្រោងបើកការហៅទូរស័ព្ទ ការហៅជាវីដេអូ ឬការរុករកគេហទំព័រតាមរយៈផ្កាយរណបនោះទេ៕
