វៀតណាម៖ នេះបើយោងតាមការលើកឡើងរបស់អនុប្រធានក្រុមហ៊ុន បាននិយាយថា លោក Wang Laisheng អនុប្រធានក្រុមហ៊ុន Luxshare-ICT Group របស់ប្រទេសចិន ជាក្រុមហ៊ុនផ្គត់ផ្គង់ Apple មានគម្រោងអនុវត្តគម្រោងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ធំៗនៅក្នុងប្រទេសវៀតណាម ដោយប្រាក់ចំណូលត្រូវបានព្យាករថានឹងលើសពី ១០ ពាន់លានដុល្លារអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរយៈពេលវែង និងការពង្រីកវត្តមានវិនិយោគរបស់ Luxshare ក្នុងប្រទេសវៀតណាម នៅពេលលោកបានទទួលលោក Wang នៅទីក្រុងហាណូយ នៅថ្ងៃទី ១៥ ខែវិច្ឆិកា។
ប្រធានបក្សកុម្មុយនិស្តបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ Luxshare-ICT ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅប្រទេសវៀតណាមក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ដោយមានដើមទុនចុះបញ្ជីសរុបលើសពី ១.៨ ពាន់លានដុល្លារ ក្រុមហ៊ុននេះបានបង្កើតការងាររាប់ម៉ឺនកន្លែងក្នុងប្រទេសវៀតណាម។
លោកបានបញ្ជាក់ថា មេដឹកនាំបក្សបានសង្កត់ធ្ងន់លើចក្ខុវិស័យអភិវឌ្ឍន៍របស់វៀតណាម និងជំហរសំខាន់របស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដែលជាកម្លាំងចលករថ្មីនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី។ បក្ស និងរដ្ឋតែងតែស្វាគមន៍សហគ្រាសបរទេសឱ្យមកវិនិយោគ និងទទួលបានជោគជ័យនៅក្នុងប្រទេសវៀតណាម ដោយសន្យាថានឹងប្រព្រឹត្តចំពោះវិនិយោគិនទាំងអស់ដោយស្មើភាពគ្នា និងបន្តខិតខំប្រឹងប្រែងដើម្បីកែលម្អបរិយាកាសអាជីវកម្មឆ្ពោះទៅរកភាពយុត្តិធម៌ តម្លាភាព និងភាពងាយស្រួលកាន់តែច្រើន។
លោកបានគូសបញ្ជាក់ពីវិស័យអាទិភាពដែល Luxshare-ICT ត្រូវបានលើកទឹកចិត្តឲ្យពង្រីកការវិនិយោគ រួមទាំងសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច និងការអភិវឌ្ឍឧបករណ៍អេឡិចត្រូនិក។ លោកក៏បានអំពាវនាវឲ្យក្រុមនេះលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់៕
