ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា រថយន្តដឹកទំនិញមួយគ្រឿងដែលដឹករថយន្ត Tesla ថ្មីរបស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកដាក់លើ ២ ជាន់បានឆាបឆេះនៅលើផ្លូវហាយវេមួយនៅខេត្ត Zhejiang ដោយគ្មានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសឡើយ។
វីដេអូពីរថយន្តដែលឆ្លងកាត់បង្ហាញពីរថយន្ត Tesla ប្រហែល ១០ គ្រឿងនៅលើរថយន្តដឹកទំនិញ ដោយពាក់កណ្តាលកំពុងឆេះនៅថ្ងៃទី ១៥ ខែវិច្ឆិកាលាយឡំជាមួយពពកផ្សែងខ្មៅក្រាស់មួយបានហុយឡើងលើអាកាសជាច្រើនម៉ែត្រអាចមើលឃើញពីចម្ងាយ។
នេះបើយោងតាម Sina បាននិយាយថា មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ Huzhou បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវហាយវេមួយក្នុង Huzhou ខេត្ត Zhejiang ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនោះទេ ។ នាយកដ្ឋានពន្លត់អគ្គីភ័យ Huzhou បានពន្លត់ភ្លើងដោយជោគជ័យ ហើយអាជ្ញាធរមូលដ្ឋានកំពុងស៊ើបអង្កេតមូលហេតុរបស់វា។
នេះបើយោងតាមការចុះផ្សាយរបស់ Reuters បាននិយាយថា នៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន Tesla បានប្រមូលប្រព័ន្ធថាមពលថ្ម Powerwall 2 របស់ខ្លួនប្រហែល ១០,៥០០ គ្រឿង ដោយសារតែគ្រោះថ្នាក់អគ្គីភ័យ បន្ទាប់ពីមានរបាយការណ៍ចំនួន ២២ អំពីការឡើងកម្ដៅខ្លាំង។
គណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់អាមេរិកបានព្រមានថា ប្រព័ន្ធដែលរងផលប៉ះពាល់អាចនឹងបរាជ័យ និងឡើងកម្ដៅខ្លាំងដែលបង្កហានិភ័យនៃការរងរបួសធ្ងន់ធ្ងរ ឬស្លាប់ ទោះបីជាមិនមានរបាយការណ៍អំពីរបួសក៏ដោយ។
លើសពីនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិកំពុងជំរុញក្រុមហ៊ុនផលិតរថយន្ត EV របស់សហរដ្ឋអាមេរិកនេះ ជុំវិញករណីកើនឡើងនៃចំណុចទាញទ្វារ Tesla ដែលមានបញ្ហា និងរារាំងទ្វារមិនឲ្យបើក និងរារាំងឪពុកម្តាយ និងកុមារក្នុងយានយន្ត៕
