វៀតណាម ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផ្សព្វផ្សាយបណ្តាញ សង្គមយក្សអាមេរិក Meta បានលុបចោលការបង្ហោះបោកប្រាស់ និងក្លែងបន្លំចំនួនជាង ៥.៤ លាននៅលើបណ្តាញសង្គម Facebook នៅប្រទេសវៀតណាម ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥។
ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានត្រួតពិនិត្យគណនី ជិត ១២ លានដែលជាប់ទាក់ទង នឹងប្រតិបត្តិការបោកប្រាស់ នៅទូទាំងបណ្តាញសង្គម Facebook Instagram និង WhatsApp នៅទូទាំងពិភពលោកក្នុងអំឡុងពេលនេះ ដោយប្រហែល ២០ ភាករយនៃគណនីទាំងនោះ ពាក់ព័ន្ធនឹងគណនី ដែលរងការលួចចូល។
នៅប្រទេសវៀតណាម ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនេះ ក៏បានលុបចោលខ្លឹមសារចំនួន ១៤.០០០ នៅលើបណ្តាញសង្គម Instagram ។ ការរំលោភបំពានជាង ៩៤ ភាគរយនៅលើបណ្តាញសង្គម Facebook និង ៧៦ ភាគរយនៅលើបណ្តាញសង្គម Instagram ត្រូវបានរកឃើញដោយស្វ័យប្រវត្តិ ។ គណនី Facebook ជាង ១១៦.០០០ និងគណនី Instagram ចំនួន ២៨.០០០ ត្រូវបានផ្អាក ដោយការរំលោភបំពាន ភាគច្រើនត្រូវបានកំណត់ និងលុបចោលដោយស្វ័យប្រវត្តិ ។
អ្នកនាំពាក្យរបស់ Meta បាននិយាយថា ទីផ្សាររបស់ Facebook ការបង្ហោះគួរឲ្យសង្ស័យជាង ៤៤៤.០០០ ត្រូវបានរារាំង ហើយការផ្សាយពាណិជ្ជកម្មរំលោភបំពានចំនួន ១៨ លានត្រូវបានលុបចោល។ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងចំនួននៃការបង្ហោះដែលត្រូវបានលុបចោលនៅលើទីផ្សារដែលបានចុះបញ្ជី។
ប្រទេសថៃឈរនៅលំដាប់កំពូល នៃបញ្ជីជាមួយនឹងការបង្ហោះចំនួន ៧.៣ លានត្រូវបានលុបចោល។
លោក Khoi Le នាយកប្រចាំប្រទេសរបស់ Meta ប្រចាំប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងការគ្រប់គ្រងលើវេទិកានានា គឺចាំបាច់ណាស់ ខណៈការឆបោកតាមអ៊ីនធើណេតកាន់តែមានភាពស្មុគស្មាញ។
លោក Nguyen Lam Thanh នាយកប្រតិបត្តិរបស់ TikTok វៀតណាម បាននិយាយថា TikTok ក៏បានរាយការណ៍ អំពីខ្លឹមសារ ទាក់ទងនឹងការឆបោកជាច្រើន នៅលើវេទិការបស់ខ្លួនផងដែរ។ កាលពីឆ្នាំមុន វីដេអូទាក់ទងនឹងការឆបោកជាង ៤០០,០០០ ត្រូវបានលុបចោល ដោយ ៩៧ ភាគរយនៃវីដេអូទាំងនោះត្រូវបានរកឃើញ និងរារាំងដោយប្រព័ន្ធរបស់ខ្លួន ។
ភាពរីករាលដាលកាន់តែខ្លាំងឡើង នៃឧក្រិដ្ឋកម្មតាមអ៊ីនធើណេត ត្រូវបានគូសបញ្ជាក់ នៅលើរបាយការណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធប្រឆាំងការឆបោកសកល បានប៉ាន់ប្រមាណថា ការខាតបង់ឧក្រិដ្ឋកម្មតាមអ៊ីនធើណេតកាលឆ្នាំ ២០២៣ មានចំនួនលើសពី ១ ពាន់ពាន់លានដុល្លារអាមេរិក នៅទូទាំងពិភពលោក ដោយប្រទេសវៀតណាម តែមួយមានចំនួន ១៦ ពាន់លានដុល្លារ។
យោងតាមទិន្នន័យរបស់សមាគមសន្តិសុខ តាមអ៊ីនធើណេតវៀតណាមថា ឆ្នាំ ២០២៤ ការឆបោកតាមអ៊ីនធើណេត នៅវៀតណាម បានបណ្តាលឲ្យមានការខាតបង់ចំនួន ១៨,៩០០ ពាន់លានដុង (៧២ លានដុល្លារ)៕
