ស៊ីដនី៖ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃចន្ទថា Snapchat បានចាប់ផ្តើមស្នើសុំឲ្យយុវវ័យអូស្ត្រាលីផ្ទៀងផ្ទាត់អាយុរបស់ពួកគេ ត្រឹមតែប៉ុន្មានសប្តាហ៍មុនពេលទីក្រុង Canberra អនុវត្តច្បាប់ទូលំទូលាយហាមឃាត់អ្នកដែលមានអាយុក្រោម ១៦ ឆ្នាំពីប្រព័ន្ធផ្សព្វផ្សាយសង្គមជាផ្លូវការ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
ចាប់ពីថ្ងៃទី ១០ ខែធ្នូ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងបណ្តាញសង្គម Facebook បណ្តាញសង្គម Instagram និងបណ្តាញសង្គម TikTok លុបអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំ ឬប្រឈមមុខនឹងការពិន័យជាប្រាក់យ៉ាងច្រើន។
ក្រុមហ៊ុន បានបន្តថា ចាប់ផ្តើមពីសប្តាហ៍នេះ អ្នកប្រើប្រាស់ជាច្រើននឹងត្រូវបានស្នើសុំឲ្យផ្ទៀងផ្ទាត់អាយុរបស់ពួកគេដើម្បីបន្តចូលប្រើ Snapchat។ អ្នកប្រើប្រាស់នឹងអាចធ្វើដូច្នេះបានដោយប្រើគណនីធនាគារអូស្ត្រាលី អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល ឬដោយការថតរូបមុខរបស់ពួកគេ ដែលភាគីទីបីនឹងប្រើដើម្បីផ្តល់ចន្លោះអាយុប៉ាន់ស្មាន។
ចាប់ពីថ្ងៃទី ១០ ខែធ្នូ អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ ឆ្នាំនឹងត្រូវបានចាក់សោគណនីរបស់ពួកគេ។ Snapchat ដូចជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដែរ បានណែនាំអ្នកប្រើប្រាស់វ័យជំទង់ឲ្យទាញយកទិន្នន័យរបស់ពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះវាអាចពិបាកក្នុងការធ្វើដូច្នេះនៅពេលដែលការហាមឃាត់ចាប់ផ្តើម។
កម្មវិធីផ្ញើសារនេះបាននិយាយថា ខ្លួនមិនយល់ស្របយ៉ាងខ្លាំងជាមួយនឹងការដាក់បញ្ចូលក្នុងការហាមឃាត់របស់រដ្ឋាភិបាលនោះទេ ប៉ុន្តែ យើងនឹងអនុវត្តតាម ដូចដែលយើងធ្វើជាមួយច្បាប់ក្នុងស្រុកទាំងអស់នៅប្រទេសដែលយើងធ្វើប្រតិបត្តិការ។ វាបានព្រមានថា ទោះជាយ៉ាងណាក៏ដោយ ការផ្តាច់ទំនាក់ទំនងរវាងក្មេងជំទង់ និងក្រុមគ្រួសាររបស់ពួកគេមិនធ្វើឲ្យពួកគេមានសុវត្ថិភាពជាងមុនទេ និងវាអាចជំរុញពួកគេទៅកាន់កម្មវិធីផ្ញើសារដែលមិនសូវមានសុវត្ថិភាព និងមិនសូវឯកជន។
រហូតមកដល់ពេលនេះ វេទិកាចំនួន ១០ រួមមាន Discord, WhatsApp, Lego Play និង Pinterest បានជៀសវាងការត្រូវបានដាក់បញ្ចូលក្នុងច្បាប់ដ៏សំខាន់នេះ។ ប៉ុន្តែអាជ្ញាធរអូស្ត្រាលីបានរក្សាសិទ្ធិក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីវេទិកាដែលត្រូវបានហាមឃាត់តាមតម្រូវការ៕
