បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតបន្ទះឈីប Intel នឹងវិនិយោគបន្ថែម ២០៨ លានដុល្លារអាមេរិកទៀតនៅប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel នឹងវិនិយោគបន្ថែម ២០៨ លានដុល្លារអាមេរិកក្នុងប្រតិបត្តិការរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី ដែលពង្រឹងតួនាទីរបស់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី១ ខែធ្នូ បានប្រកាសនៅលើហ្វេសប៊ុកថា នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan បានបញ្ជាក់ពីការវិនិយោគបន្ថែមដើម្បីធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់សកម្មភាពផ្គុំបន្ទះឈីប និងការធ្វើតេស្តរបស់ក្រុមហ៊ុន។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុន Intel ចំពោះផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសម៉ាឡេស៊ី។

ការសាងសង់រោងចក្រវេចខ្ចប់បន្ទះឈីបទំនើបរបស់ក្រុមហ៊ុន Intel នៅ Penang ភាគខាងជើងប្រទេសម៉ាឡេស៊ី ឥឡូវនេះបានបញ្ចប់ ៩៩ ភាគរយហើយ ដោយក្រុមហ៊ុនបានសម្តែងការកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាល។

ប្រទេសម៉ាឡេស៊ីគឺជាប្រទេសនាំចេញបន្ទះឈីបធំជាងគេទី៦លើពិភពលោក និងកាន់កាប់ចំណែកទីផ្សារសកល ១៣ភាគរយ ក្នុងការផ្គុំបន្ទះឈីប ការវេចខ្ចប់ និងការធ្វើតេស្ត។ នៅឆ្នាំ ២០២១ ក្រុមហ៊ុន Intel បានសន្យាផ្តល់ប្រាក់ ៧ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រ Penang ដែលមានទីតាំងនៅមជ្ឈមណ្ឌលអេឡិចត្រូនិចរបស់ប្រទេស។

អាមេរិកគឺជាទីផ្សារធំទី៣របស់ម៉ាឡេស៊ីសម្រាប់ការនាំចេញបន្ទះឈីប។ នៅឆ្នាំ ២០២៤ ប្រទេសម៉ាឡេស៊ីបាននាំចេញផលិតផលអគ្គិសនី និងអេឡិចត្រូនិកចំនួន ១២០ ពាន់លានរីងហ្គីត (២៨ ពាន់លានដុល្លារ) ទៅកាន់អាមេរិក ក្នុងនោះប្រហែលពាក់កណ្តាលទាក់ទងនឹងបន្ទះឈីប៕

Most Popular

To Top