បច្ចេកវិទ្យា

ក្រុមហ៊ុន Meta ចាប់ផ្តើមលុប ឈ្មោះអ្នកប្រើប្រាស់ មានអាយុក្រោម ១៦ ឆ្នាំចេញពីប្រព័ន្ធផ្សព្វផ្សាយ សង្គមនៅប្រទេសអូស្ត្រាលី

ស៊ីដនី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Meta បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងចាប់ផ្តើមលុបឈ្មោះ អ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំក្នុងប្រទេសអូស្ត្រាលី ចេញពីបណ្តាញសង្គម Instagram បណ្តាញសង្គម Threads និងបណ្តាញសង្គម Facebook មុនពេលមាន ការហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមយុវជនដំបូងគេ បង្អស់របស់ប្រទេសនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today ។

ប្រទេសអូស្ត្រាលីកំពុងទាមទារឲ្យវេទិកាអនឡាញសំខាន់ៗ រួមទាំងបណ្តាញសង្គម TikTok និងបណ្តាញសង្គម YouTube រារាំងអ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំ នៅថ្ងៃទី ១០ ខែធ្នូ នៅពេលច្បាប់ថ្មីចូលជាធរមាន ។ ក្រុមហ៊ុននានាប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ៤៩.៥ លានដុល្លារអូស្ត្រាលី (៣២ លានដុល្លារអាមេរិក) ប្រសិនបើពួកគេមិនបានអនុវត្តជំហាន សមហេតុផលដើម្បីអនុវត្តតាម។

អ្នកនាំពាក្យ Meta បាននិយាយថា យើងកំពុងខិតខំប្រឹងប្រែង ដើម្បីដកអ្នកប្រើប្រាស់ទាំងអស់ ដែលយើងយល់ថា មានអាយុក្រោម ១៦ ឆ្នាំ នៅថ្ងៃទី ១០ ខែធ្នូ ការអនុលោមតាមច្បាប់នឹងក្លាយជាដំណើរការបន្ត និងពហុស្រទាប់។ អ្នកនាំពាក្យរបស់ក្រុម ហ៊ុនអាមេរិកបានបន្ថែមថា អ្នកប្រើប្រាស់វ័យក្មេងអាចរក្សាទុក និងទាញយករឿងរ៉ាវ អនឡាញរបស់ពួកគេបាន។

មុនពេលអ្នកមានអាយុ ១៦ ឆ្នាំ យើងនឹងជូនដំណឹង ដល់អ្នកថា អ្នកនឹងត្រូវបានអនុញ្ញាត ឲ្យចូលប្រើវេទិកាទាំងនេះ ឡើងវិញក្នុងពេលឆាប់ៗនេះ ហើយខ្លឹមសាររបស់អ្នក នឹងត្រូវបានស្ដារឡើងវិញដូចដែលអ្នកបានចាកចេញ។ យុវវ័យរាប់រយរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងរងផល ប៉ះពាល់ដោយការហាមឃាត់នេះ ដោយបណ្តាញសង្គម Instagram តែមួយបានរាយការណ៍ថាមានអ្នកប្រើប្រាស់អូស្ត្រាលីប្រហែល ៣៥០,០០០នាក់មានអាយុពី ១៣ ទៅ ១៥ ឆ្នាំ។ កម្មវិធី និងគេហទំព័រពេញនិយមមួយចំនួនដូចជា Roblox, Pinterest និង WhatsApp ត្រូវបានលើកលែង ប៉ុន្តែបញ្ជីនេះនៅតែស្ថិតក្រោមការពិនិត្យ។

Meta បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមច្បាប់អូស្ត្រាលី ប៉ុន្តែវាបានអំពាវនាវឲ្យ app stores ទទួលខុសត្រូវចំពោះការត្រួតពិនិត្យអាយុជំនួសវិញ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា រដ្ឋាភិបាលគួរតែទាមទារឲ្យ app stores ផ្ទៀងផ្ទាត់អាយុ និងទទួលបានការយល់ព្រមពីឪពុកម្តាយនៅពេលណាដែលក្មេងជំទង់អាយុក្រោម ១៦ ឆ្នាំទាញយកកម្មវិធី ដោយលុបបំបាត់ តម្រូវការ សម្រាប់ក្មេងជំទង់ ក្នុងការផ្ទៀងផ្ទាត់អាយុ របស់ពួកគេច្រើនដងនៅទូទាំងកម្មវិធីផ្សេងៗគ្នា”។

វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អាចប្រើប្រាស់ព័ត៌មានអាយុដែលបានផ្ទៀងផ្ទាត់នេះ ដើម្បីធានាថាក្មេងជំទង់ស្ថិត ក្នុងបទពិសោធន៍សមស្របតាមអាយុ។ YouTube ក៏បានវាយប្រហារការហាម ឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

ក្រុមហ៊ុនយក្សស្ទ្រីមវីដេអូបាននិយាយនៅសប្តាហ៍នេះថា ច្បាប់ថ្មីនេះនឹងធ្វើឲ្យយុវជនអូស្ត្រាលីមិនសូវមានសុវត្ថិភាព ពីព្រោះអ្នកមានអាយុក្រោម ១៦ ឆ្នាំនៅតែអាចចូលមើលគេហទំព័រ ដោយគ្មានគណនី ប៉ុន្តែនឹងបាត់បង់តម្រងសុវត្ថិភាព YouTube៕

Most Popular

To Top