បច្ចេកវិទ្យា

រថយន្តហោះដំបូងគេបង្អស់ នៅលើពិភពលោក ដែលជាផលិតផលអាមេរិក នឹងមានលក់ នាដើមឆ្នាំ ២០២៦

អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Alef Aeronautics ដែលជាក្រុមហ៊ុន ចាប់ផ្តើមអាជីវកម្មចល័ត ប្រកបដោយចីរភាព មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានចាប់ផ្តើមផលិត រថយន្តហោះដំបូងគេបង្អស់ នៅលើពិភពលោក គឺ Alef Model A Ultralight ត្រូវបានគេរំពឹងថានឹងមានលក់នៅដើមឆ្នាំ ២០២៦។

កាសែត New York Post បានដកស្រង់សម្តីលោក Jim Dukhovny នាយកប្រតិបត្តិក្រុមហ៊ុន Alef Aeronautics បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ មួយនៅថ្ងៃទី ៩ ខែធ្នូ ថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការរាយការណ៍ថា ការផលិតរថយន្តហោះដំបូងគេ បានចាប់ផ្តើម តាមកាលវិភាគ ទីបំផុតយើងអាចចាប់ផ្តើម ផលិតកម្មបានហើយ។

ក្រុមហ៊ុនបាននិយាយថា រថយន្ត Model A គឺជារថយន្តអគ្គិសនី ពេញលេញ ស្របច្បាប់លើផ្លូវ ជាមួយនឹងសមត្ថភាព ហោះឡើង និងចុះចតបញ្ឈរ។ រថយន្តនេះផលិតនៅរោងចក្រ Silicon Valley របស់ Alef មានតម្លៃ ៣០០,000 ដុល្លារសម្រាប់ការលក់ជាមុន ។ កំណែដំបូងៗ នឹងត្រូវការ សិប្បកម្មដោយ ដៃរយៈពេលជាច្រើនខែ ហើយនឹងត្រូវ បានដឹកជញ្ជូន ទៅឲ្យក្រុមអតិថិជនដែលបានជ្រើសរើស សម្រាប់ការធ្វើតេស្តក្នុងពិភពពិត។

នេះបើយោងតាម Daily Mail បាននិយាយថា នៅលើដី រថយន្ត Model A ដំណើរការដូចរថយន្តអគ្គិសនីធម្មតា ដែលដំណើរការដោយម៉ាស៊ីន តូចៗចំនួន ៤ នៅត្រង់កង់នីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលវារួចរាល់ ដើម្បីហោះហើរ រថយន្តនេះប្រើម៉ាស៊ីន រុញដ៏មានអានុភាពជុំវិញកៅអីអ្នកបើកបរ ដើម្បីហោះឡើង ដោយឈានដល់ល្បឿន បើកបរ១៧៧ គីឡូម៉ែត្រក្នុងមួយម៉ោង។

លោក Dukhovny អះអាងថា ដោយមានទម្ងន់ត្រឹមតែ ៣៨៥ គីឡូក្រាម រថយន្ត Model A ទម្ងន់ស្រាលបំផុត ដែលកំណត់វាឲ្យនៅត្រឹម ២៥ ម៉ាយក្នុងមួយម៉ោងនៅលើផ្លូវសាធារណៈ។ វាអាចផ្ទុកអ្នកបើកយន្តហោះ និងអ្នកដំណើរម្នាក់ និងមានចម្ងាយហោះហើរ ២០០ ម៉ាយ (៣២១ គីឡូម៉ែត្រ) នៅលើដី និង ១១០ ម៉ាយនៅលើអាកាស។ រថយន្តនេះងាយស្រួលប្រើ និងអាចរៀនបើកបរក្នុងរយៈពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។

លោក Alef បាននិយាយថា ខ្លួនបានទទួលការបញ្ជាទិញជាមុនចំនួន ៣,៥០០ គ្រឿង ដែលមានតម្លៃ ១ ពាន់លានដុល្លារ៕

Most Popular

To Top