ឥណ្ឌា ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត LVM3 ‘Baahubali’ របស់អង្គការ ស្រាវជ្រាវ អវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះផ្កាយរណប ទំនាក់ទំនង BlueBird Block-2 របស់ក្រុមហ៊ុន AST SpaceMobile ដែលមានមូលដ្ឋាននៅអាមេរិក ពី Sriharikota នៅភាគខាងត្បូង ប្រទេសឥណ្ឌា។
លោក V. Narayanan ប្រធាន ISRO បានមានប្រសាសន៍ កាលពីថ្ងៃពុធថា LVM3-M6 បានចាក់បញ្ចូលផ្កាយរណប ទំនាក់ទំនង BlueBird Block-2 ដោយជោគជ័យ និងត្រឹមត្រូវទៅក្នុងគន្លង ដែលបានគ្រោងទុក។
លោកនាយករដ្ឋមន្ត្រី Narendra Modi បានបង្ហោះ នៅលើបណ្តាញសង្គម X ថា យើងកំពុងពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់បេសកកម្ម នាពេលអនាគតដូចជា Gaganyaan ពង្រីកសេវាកម្មបាញ់ បង្ហោះពាណិជ្ជកម្ម និងពង្រឹងភាពជា ដៃគូសកល ។ សមត្ថភាពកើនឡើង និងការជំរុញដល់ការពឹងផ្អែកលើខ្លួនឯងនេះ គឺអស្ចារ្យសម្រាប់មនុស្សជំនាន់ក្រោយ។
NDTV បានរាយការណ៍ថា បេសកកម្មនេះត្រូវបានអនុវត្តជាផ្នែកមួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុន NewSpace India Ltd (NSIL) ជាសាខាពាណិជ្ជកម្មរបស់ ISRO និង AST SpaceMobile។ រ៉ុក្កែត ‘Baahubali’ បានហោះឡើងនៅម៉ោង ៨:៥៥ ព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធ។
យាន BlueBird Block-2 ត្រូវបានបំបែកចេញពីរ៉ុក្កែត បន្ទាប់ពី ១៥ នាទី ហើយបានទៅដល់គន្លងគោចរបានគ្រោងទុក។ នេះគឺជាបន្ទុកធ្ងន់បំផុតដែលដឹក ដោយឧបករណ៍បាញ់បង្ហោះរបស់ឥណ្ឌា៕
