ណាហ្គោយ៉ា៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នផលសកលរបស់ខ្លួននៅខែវិច្ឆិកាបានធ្លាក់ចុះ ៥.៥ភាគរយ ពីមួយឆ្នាំមុន មកត្រឹម ៨២១ ,៧២៣ គ្រឿងជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៦ខែ ដែលបានធ្លាក់ចុះដោយសារការថយចុះនៃការផលិតនៅប្រទេសចិន និងជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។
នេះបើយោងតាមក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោកតាមបរិមាណ បាននិយាយថា ការលក់សកលបានថយចុះ ២.២ ភាគរយ មកត្រឹម ៩០០,០១១ គ្រឿងជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១១ ខែ ដោយការលក់នៅប្រទេសចិនបានធ្លាក់ចុះ ១២.១ ភាគរយ មកត្រឹម ១៥៤,៦៤៥ គ្រឿង។
ផលិតកម្មនៅក្រៅប្រទេសរបស់ Toyota បានធ្លាក់ចុះ ៣.៤ ភាគរយ មកត្រឹម ៥៦៣,៥៤៦ គ្រឿង ដោយទិន្នផលនៅប្រទេសចិនបានធ្លាក់ចុះ ១៤.០ ភាគរយ មកត្រឹម ១៤៥,៧០៧ គ្រឿង ខណៈការឧបត្ថម្ភធនរបស់រដ្ឋាភិបាលបានបញ្ចប់នៅក្នុងតំបន់ធំទូលាយនៃទីផ្សារអាស៊ីដ៏សំខាន់។
ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា ទិន្នផលនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ១១.២ ភាគរយ ដោយសារតែស្ថានភាពទីផ្សារធ្ងន់ធ្ងរ ដោយសារតែការត្រួតពិនិត្យប្រាក់កម្ចីយ៉ាងតឹងរ៉ឹង ក៏ដូចជាការណែនាំពន្ធបន្ថែម។ ផលិតកម្មក្នុងស្រុកបានធ្លាក់ចុះ ៩.៧ ភាគរយមកនៅត្រឹម ២៥៨,១៧៧ គ្រឿងដោយសារតែចំនួនថ្ងៃប្រតិបត្តិការរបស់រោងចក្រតិចជាងមុន។
ទន្ទឹមនឹងនេះ ទិន្នផលនៅសហរដ្ឋអាមេរិកបានកើនឡើង ៩.០ ភាគរយមកនៅត្រឹម ១០៧,៩៥៣ គ្រឿងដោយសារតែតម្រូវការខ្លាំងសម្រាប់រថយន្តកូនកាត់ ទោះបីជាក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រឈមមុខនឹងពន្ធខ្ពស់ជាងដែលដាក់ដោយរដ្ឋបាលសហរដ្ឋអាមេរិកក៏ដោយ។
ខណៈ ការលក់នៅក្រៅប្រទេសរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ ២.៦ ភាគរយមកនៅត្រឹម ៧៦៩,៧៨៩ គ្រឿង ការលក់នៅសហរដ្ឋអាមេរិកបានកើនឡើង ២.៧ ភាគរយមកនៅត្រឹម ២១២,៧៧២ គ្រឿង បង្ហាញពីការងើបឡើងវិញពីការផ្អាកផលិតកម្មដោយសារតែការប្រមូលរថយន្តមួយចំនួនកាលពីឆ្នាំមុន៕
