វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកលក់រាយដែលមានការអនុញ្ញាតពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នៅប្រទេសវៀតណាមកំពុងលក់ iPhone 16 ទំហំ 128GB តម្លៃ ២០.៥ លានដុងស្មើនឹង ៨២០ ដុល្លារអាមេរិកកើនឡើង ១០.៨ ភាគរយពីមុនពេលចេញលក់ស៊េរី iPhone 17 កាលខែកញ្ញា។
នេះបើយោងតាមរបាយការណ៍របស់កាសែត Dan Tri ឲ្យដឹងថា តម្លៃនៃម៉ូដែលចាស់ៗមួយចំនួនទៀត ដូចជា iPhone 14 និង 15 ក៏បានកើនឡើងរហូតដល់ ១ លានដុងដែរ។
អ្នកលក់រាយបាននិយាយថា ពួកគេភាគច្រើនបានដំឡើងថ្លៃស្របតាមអ្នកផ្គត់ផ្គង់របស់ពួកគេ និងដោយសារតែការផ្លាស់ប្តូរគោលនយោបាយកំណត់តម្លៃរបស់ Apple។
ស៊េរី iPhone 16 របស់ក្រុមហ៊ុន Apple រួមទាំងម៉ូដែលស្តង់ដារ ម៉ូដែល Pro និងម៉ូដែល Pro Max បានដាក់លក់តាំងពីខែកញ្ញាឆ្នាំមុន ខណៈស៊េរីនេះមិនមានការផ្លាស់ប្តូរការរចនាសំខាន់ៗទេ វាលេចធ្លោសម្រាប់ការរចនាតូចចង្អៀត និងការធ្វើឲ្យប្រសើរឡើងមួយចំនួនចំពោះកាមេរ៉ា និងថ្មរបស់វា។
នេះបើយោងតាមកម្មវិធីតាមដានការលក់ម៉ូដែលទូរស័ព្ទសកលរបស់ខ្លួនថា ជាពិសេស iPhone 16 ត្រូវបាន Counterpoint Research ដាក់ឈ្មោះថ្មីៗនេះថាជាស្មាតហ្វូនលក់ដាច់បំផុតរបស់ពិភពលោកក្នុងខែកក្កដាដល់ខែកញ្ញាសម្រាប់ត្រីមាសទីបីជាប់ៗគ្នា៕
