លោក Dmitry Bakanov ប្រធាន Roscosmos បាននិយាយថា ផ្កាយរណបជាង 300 គ្រឿងនឹងត្រូវដាក់ចូលទៅក្នុងគន្លងតារាវិថីដោយទីក្រុងមូស្គូ
លោក Dmitry Bakanov ប្រធាន Roscosmos បាននិយាយថា ប្រទេសរុស្ស៊ីនឹងបាញ់បង្ហោះបណ្តាញអ៊ីនធើណេតផ្កាយរណបផ្ទាល់ខ្លួនរបស់ខ្លួនស្រដៀងនឹងផ្កាយរណបបណ្តាញអ៊ីនធើណេតStarlink ដែលដំណើរការដោយក្រុមហ៊ុន S paceX របស់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក Elon Musk នៅឆ្នាំ២០២៧ យោងតាមការចេញផ្សាយពីគេហទំព័រ RT
។
នេះបើយោងតាមក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុន Starlink ផ្តល់អ៊ីនធើណេតល្បឿនលឿនតាមរយៈបណ្តាញផ្កាយរណបធំជាងគេបំផុតលើពិភពលោកមានជាង ៩,០០០ គ្រឿងក្នុងគន្លងផែនដីទាប។ សេវាកម្មនេះបានចាប់ផ្តើមដាក់ឲ្យដំណើរការនៅឆ្នាំ ២០២០ ហើយ បានកើនឡើងដល់អ្នកប្រើប្រាស់ជាង ៩ លាននាក់នៅក្នុងប្រទេស និងដែនដីជាង ១៥០ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់មានជាផ្លូវការក្នុងប្រទេសរុស្ស៊ីនៅឡើយទេ។
នៅថ្ងៃសុក្រ លោក Bakanov បានបង្ហាញអ្នកសារព័ត៌មាន Channel One នូវស្ថានីយរចនាឡើងដោយរុស្ស៊ីសម្រាប់ការចូលប្រើអ៊ីនធើណេតតាមផ្កាយរណបប្រភេទ Broadband ដោយនិយាយថា វានឹងធ្វើឲ្យអ្នកប្រើប្រាស់គ្រប់ទីកន្លែងជុំវិញពិភពលោកអាចភ្ជាប់ទំនាក់ទំនងបាន។ ប្រធានទីភ្នាក់ងារអវកាសរបស់ប្រទេសនេះបានបន្ថែមថា ការផលិតជាបន្តបន្ទាប់នៃផ្នែករឹងនឹងចាប់ផ្តើមមុនចុងឆ្នាំនេះ។
នាយកប្រតិបត្តិ Roscosmos បាននិយាយថា ក្រុមផ្កាយរណបជាង ៣០០ គ្រឿងក្នុងគន្លងតារាវិថីនឹងធានាថាប្រព័ន្ធរុស្ស៊ី ‘Rassvet’ (ព្រឹកព្រលឹម) ត្រូវបានដាក់ពង្រាយ និងដំណើរការយ៉ាងពេញលេញនៅឆ្នាំក្រោយ។ លោក Bakanov បានសង្កត់ធ្ងន់ថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ការតភ្ជាប់ទៅកាន់ទឹកដីទាំងអស់ដែលមិនត្រូវបានគ្របដណ្តប់ដោយបណ្តាញទំនាក់ទំនងលើដី។
កាលពីខែវិច្ឆិកា ប្រធានគណៈកម្មាធិការគោលនយោបាយព័ត៌មានរបស់សភារុស្ស៊ី លោក Sergey Boyarsky បានប្រាប់ Tass ថា ក្រុមផ្កាយរណបគន្លងផែនដីទាបនឹងក្លាយជាការឆ្លើយតបរបស់ទីក្រុងមូស្គូចំពោះប្រព័ន្ធ Starlink របស់អាមេរិក។ លោក Boyarsky បានបន្តថា គម្រោងនេះ ដែលបង្កើតឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Bureau 1440 នៅទីក្រុងមូស្គូ ក្នុងការផ្តល់ការទំនាក់ទំនងទៅកាន់តំបន់ដាច់ស្រយាលរបស់រុស្ស៊ី។ លោកបានបន្ថែមថា អាជ្ញាធររុស្ស៊ីក៏មានគម្រោងផ្តល់ការចូលទៅកាន់ Rassvet ទៅកាន់ប្រទេសសម្ព័ន្ធមិត្តផងដែរ៕
