បរទេស:នៅថ្ងៃពុធទី២០ខែវិច្ឆិកានេះសហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងផ្តល់ឱ្យប្រទេសវៀតណាមនូវនាវាឆ្មាំឆ្នេរសមុទ្រមួយផ្សេងទៀតសម្រាប់កងនាវាដើម្បីបង្កើនសមត្ថភាពរបស់ទីក្រុងហាណូយក្នុងការធ្វើការល្បាតនៅក្នុងសមុទ្រចិនខាងត្បូងនិងកំពុងស្ថិតនៅចំពេលមានភាពតានតឹងជាមួយប្រទេសចិននោះ។

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esperដែលជាអ្នកបានធ្វើការប្រកាសសេចក្តីសម្រេចចិត្តនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅប្រទេសវៀតណាមដែលត្រូវបានគេមើលឃើញថាកំពុងបានក្លាយជាគូប្រជែងដ៏មានឥទ្ធិពលខ្លាំងបំផុតនៅអាស៊ីក្នុងការការទាមទារដែនទឹកនៅសមុទ្រចិនខាងត្បូងជាមួយនឹងចិន។

នាវានេះនឹងក្លាយជានាវាទី២ហើយរបស់វៀតណាមដែលត្រូវបានផ្តល់ដោយឆ្មាំឆ្នេរសមុទ្រសហរដ្ឋអាមេរិកក្នុងរយៈពេលទើបតែ២ឆ្នាំកន្លង។តាមរយៈការផ្តល់នាវានេះសហរដ្ឋអាមេរិកសង្ឃឹមថានឹងអាចធ្វើឱ្យវៀតណាមអាចមានសិទ្ធក្នុងការទាមទារអះអាងអធិបតេយ្យភាពរបស់ខ្លួននិងរារាំងពីបំណងណាមួយពីសំណាក់ប្រទេសចិន៕
ប្រែសម្រួល:ស៊ុនលី
