បរទេស៖ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ ថាមិនស្មោះត្រង់និងជាមនុស្ស តឿផ្នែក នយោបាយ សម្រាប់ការហៅការ តេស្តប្រព័ន្ធបាញ់ពហុរ៉ុកកែត ដ៏ធំបំផុតរបស់ទីក្រុងព្យុងយ៉ាង ថាជាការបាញ់មីស៊ីលផ្លោង និងបានព្រមានថា លោកនឹងអាចឃើញមីស៊ីលផ្លោងពិត នៅក្នុងពេលអនាគតឆាប់ៗនេះ។
ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានបាញ់អាវុធពីរគ្រាប់ ចូលទៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើត ក្នុងការតេស្តសាកល្បង ប្រព័ន្ធបាញ់ពហុរ៉ុកកែត ដ៏ធំបំផុតទី៤របស់ខ្លួន ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញនូវក្តីពេញចិត្តជាខ្លាំង ជុំវិញការតេស្តសាកល្បងដ៏ថ្មីបំផុតនេះ។
ក្រោយពីការបាញ់ តេស្តអាវុធរបស់ទីក្រុងព្យុងយ៉ាងនោះ លោក អាបេ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ការបាញ់តេស្តមីស៊ីលកូរ៉េខាងជើងនេះ គឺជាការគម្រាមកំហែងមួយ ចំពោះប្រទេសជប៉ុននិង សហគមន៍អន្តរជាតិ និងថា ទីក្រុងតូក្យូនឹងពិនិត្យមើលស្ថានភាពជាមួយដៃគូរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង