ឡុងដ៏៖ ក្រុមហ៊ុន Facebook បានចាប់ផ្តើមសាកល្បង ឧបករណ៍មួយដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្លាស់ប្តូររូបភាព របស់ពួកគេកាន់តែងាយស្រួល ទៅនឹងសេវាកម្មអ៊ីនធើណេត ផ្សេងទៀត ព្រោះវាប្រឈមនឹងសម្ពាធ ពីនិយតករដើម្បីបន្ធូរបន្ថយការក្តាប់ទិន្នន័យរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ឧបករណ៍ថ្មីរបស់បណ្តាញសង្គមនេះ នឹងអនុញ្ញាតឲ្យមនុស្សផ្ទេររូបថត និងវីដេអូរបស់ពួកគេដោយផ្ទាល់ទៅ វេទិកាប្រកួតប្រជែងដោយចាប់ផ្តើមពី Google រូបថត។ ក្រុមហ៊ុនបាននិយាយថា ដំបូងវានឹងមានសម្រាប់ប្រជាជន នៅអៀរឡង់ ហើយនឹងត្រូវបានកែលម្អដោយផ្អែកលើមតិរបស់អ្នកប្រើប្រាស់។
បន្ទាប់មកឧបករណ៍នេះនឹងត្រូវដាក់ បង្ហាញទូទាំងពិភពលោកនៅឆមាសទីមួយ នៃឆ្នាំ២០២០។ និយតករអាមេរិក និងអឺរ៉ុបបាននឹងកំពុងពិនិត្យមើលការ គ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់ Facebook ដូចជារូបភាពនៅពេលពួកគេ ពិនិត្យមើលថា តើឥទ្ធិពលរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សមួយនេះកំពុងប្រកួតប្រជែង និងកំណត់ជម្រើសសម្រាប់អតិថិជន។ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានប្រតិកម្មដោយអំពាវនាវ ឲ្យមានវិធានថ្មីដើម្បីដោះស្រាយ “ ភាពអាចចល័តទិន្នន័យបាន” និងបញ្ហាផ្សេងទៀត។
Facebook បាននិយាយថា នៅពេលវាធ្វើការលើឧបករណ៍កំណត់ទិន្នន័យថ្មីវាបានពិភាក្សាជាមួយអ្នកធ្វើគោលនយោបាយអ្នកតាក់តែងច្បាប់ និងអ្នកសិក្សានៅសហរដ្ឋអាមេរិក អាឡឺម៉ង់ ប្រេស៊ីល និងសិង្ហបុរីដើម្បីស្វែងយល់ថា តើទិន្នន័យណាមួយគួរតែចល័ត និងវិធីការពារភាពឯកជន៕ ដោយ៖លី ភីលីព



