រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ថា ក្រសួងព័ត៌មានបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នាយកដ្ឋានព្រៃឈើ របស់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានរឹបអូសឈើខុសច្បាប់ ជាង៨០០តោន ក្នុងរយៈពេល តែមួយសប្តាហ៍ប៉ុណ្ណោះ ។
ការរឹបអូស ត្រូវបានធ្វើឡើង នៅក្នុងបណ្តារដ្ឋ និងតំបន់ជាច្រើន នៅក្នុងប្រទេស និងតំបន់បង្រួបបង្រួមណៃពិដោរ គិតចាប់ពី ថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ។
នៅក្នុងអំឡុងពេលនោះ ការរឹបអូសឈើខុសច្បាប់ ក្នុងនោះរួមមាន ឈើមៃស័ក មាន៣៤៣.២តោន ហើយឈើប្រណីត មានជាង២៧៦.៧តោន និងឈើផ្សេងៗទៀតជាង២២៥.៩តោន ។
នាយកដ្ឋានព្រៃឈើ បានត្រូវដកសម្រង់សម្តី ដែលបាននិយាយថា មនុស្ស៤៥នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទល្មើសនេះ និងរថយន្តចំនួន៣៩គ្រឿង រួមទាំងម៉ាស៊ីនកាត់ឈើត្រូវបានរឹបអូសផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា