បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសានេះនាវាចម្បាំង អូស្ត្រាលីមួយគ្រឿង បានចូលរួមជាមួយ នឹងនាវាចម្បាំងអាមេរិកចំនួន ៣ គ្រឿងទៀតដែលកំពុងមានវត្តមានក្នុង សមុទ្រចិនខាងត្បូងក្បែរ តំបន់ដែលនាវាចិន សង្ស័យថាកំពុងរុករកប្រេង នៅក្បែរដែនទឹកដែលអះអាង ដោយវៀតណាមនិងម៉ាឡេស៊ី។
នាវាចម្បាំងមួយនេះ បានធ្វើដំណើរមកដល់សប្តាហ៍នេះ ជិតក្បែរទៅនឹងនាវាសម្រាប់ស្រាវជ្រាវ របស់រដ្ឋាភិបាលចិន Haiyang Dizhi 8 ដែលបាននឹងកំពុងប្រតិបត្តិការដែលនៅជិតកន្លែង កប៉ាល់ដំណើរការ ដោយក្រុមហ៊ុនប្រេងរដ្ឋ Petronas របស់ប្រទេសម៉ាឡេស៊ី កំពុងធ្វើការខួងរុករកប្រេង។
កាលពីថ្ងៃអង្គារកន្លងទៅកងទ័ពជើងទឹក សហរដ្ឋអាមេរិកបាននិយាយ ថានាវាវាយលុកដែលមានឈ្មោះថា USS America និងនាវា USS Bunker Hill ដែលជានាវាផ្ទុកមីស៊ីល គឺកំពុងមានប្រតិបត្តិការងារ របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។
ដោយឡែកក្រសួងការពារជាតិ អូស្ត្រាលីបាននិយាយថា ការជួបជុំគ្នារវាងនាវាចម្បាំង HMAS Parramatta របស់អូស្រ្តាលី និងនាវាជំនាន់ទី៣ របស់សហរដ្ឋអាមេរិកគឺនាវាពិឃាត USS Barry ដែលជាផ្នែកមួយ នៃសមយុទ្ធរួមគ្នា៕
ប្រែសម្រួល៖ស៊ុនលី