បរទេស៖ មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍ បានច្រានចោលកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រនេះ និងបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការដាក់សម្ពាធរបស់អាមេរិក។
នៅក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់លើកញ្ចប់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទណ្ឌកម្មដ៏ព្រៃផ្សៃរបស់អាមេរិកលើអ៊ីរ៉ង់ គឺមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ។ គោលបំណងរបស់ពួកគេ គឺទប់ស្កាត់ឥទ្ធិពលរបស់យើងនៅក្នុងតំបន់ និងរារាំងសមត្ថភាពមីស៊ីលនិងនុយក្លេអ៊ែរបស់យើង”។
គួរបញ្ជាក់ថា ចំណងមិត្តភាពរវាងទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តំាងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងមួយរវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកទាំង៦ នៅក្នុងឆ្នាំ២០១៨ ដោយក្រោមកិច្ចព្រមព្រៀងនោះ អ៊ីរ៉ង់ព្រមផ្អាកកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕
ប្រែសម្រួល៖ប៉ាង កុង