ផ្សេងៗ

ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស៤គ្រឿងក្នុងចំណោម ៩វិញ្ញាសាការប្រកួត កីឡាចំបាប់ជើងឯក ថ្នាក់ជាតិ

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលដំណើរការប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានរកឃើញជ័យលាភីចំនួន៩វិញ្ញាសា គិតត្រឹមថ្ងៃទី២ ក្នុងចំណោមវិញ្ញាសាសរុបចំនួន១៤។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងអ្នកតំណាងសមាគមបានអញ្ជើញ ផ្តល់កិត្តិយសបំពាក់មេដាយ និងប្រគល់ជូនប្រាក់រង្វាន់អមជូនដល់ម្ចាស់ជ័យលាភីលើ៩វិញ្ញាសា នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះនៅអាគារប៊ូយ៉ុងខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញរបាយការណ៍ជ័យលាភីទាំង៩វិញ្ញាសានេះ រួមមាន៖ វិញ្ញាសាចំបាប់សេរីនារី ទម្ងន់ ៥៥គីឡូក្រាម មេដាយមាស សមាគមគិរីដំរីមានរិទ្ធ, វិញ្ញាសាចំបាប់សេរីបុរស ទម្ងន់ ៦១គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសាចំបាប់សេរី បុរស ទម្ងន់ ៥៧គីឡូក្រាម មេដាយមាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាសាចំបាប់បុរាណបុរស ទម្ងន់ ៥៥គីឡូក្រាម មេដាយមាស សមាគមវិហារសួគ៌ វិញ្ញាសាចំបាប់សេរី បុរស ទម្ងន់ ៦៥គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសាចំបាប់សេរី បុរស ទម្ងន់ ៧៤គីឡូក្រាម មេដា យមាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ្ញាសាចំបាប់ក្រិចកូរ៉ូមាំង បុរស ទម្ងន់ ៦៣គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ វិញ្ញាសាចំបាប់សម័យនារី ទម្ងន់ ៥០គីឡូក្រាម មេដាយមាស ក្រសួងមហាផ្ទៃ និងវិញ្ញាសាចំបាប់បុរាណ បុរស ទម្ងន់ ៦០គីឡូក្រាម មេដាយមាស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ក្នុងចំណោមវិញ្ញាសាចំនួន៩នេះ គឺក្រសួងមហាផ្ទៃ ឈរលេខ១បណ្តោះអាសន្ន ដោយឈ្នះមេដាយមាស៤វិញ្ញាសា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ដោយឈ្នះមេដាយមាស៣។ ក្រៅពីមេដាយមាស ក៏មានមេដាយប្រាក់ សំរឹទ្ធ និងសំរឹទ្ធស្ទួលលើគ្រប់វិញ្ញាសាទាំងអស់នេះដែរ ដោយជ័យលាភីមេដាយមាសទទួលបានប្រាក់រង្វាន់អមចំនួន ៣០ម៉ឺនរៀល, មេដាយប្រាក់ទទួលបានប្រាក់រង្វាន់អមចំនួន ២០ម៉ឺនរៀល, មេដាយសំរឹទ្ធ-សំរឹទ្ធស្ទួនទទួលបានប្រាក់រង្វាន់អមចំនួន១៦ម៉ឺនស្មើៗគ្នា។ ដោយឡែកការប្រកួតនៅសល់៥វិញ្ញាសាទៀត (សរុបចំនួន១៤វិញ្ញាសា) ដែលត្រូវប្រកួតបញ្ចប់ព្រឹត្តិការណ៍ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១៕

អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា ការប្រកួតកីឡាចំបាប់បុរាណ-សម័យ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០មានសមាគម-ក្លិបចំនួន៩បានចូលរួមប្រកួតប្រជែងមេដាយ ដោយមានគ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន៨៤នាក់៕

ដោយ៖លី ភីលីព

Most Popular

To Top