ផ្សេងៗ

លោក ចូ បៃដិន ថ្កោលទោសការបង្ក្រាប របស់មីយ៉ាន់ម៉ាថា ជារឿងគួរឲ្យស្អប់ខ្ពើមបំផុត ខណៈរបបយោធា សប្បាយនឹងការសម្លាប់រង្គាល 

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានថ្កោលទោសការបង្ហូរឈាម ប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ជារឿងគួរឱ្យស្អប់ខ្ពើមបំផុត បន្ទាប់ពីកងកម្លាំងសន្តិសុខបានសម្លាប់មនុស្សជាង ១០០ នាក់រួមទាំងកូនក្មេងយ៉ាងតិច ៧ នាក់កាលពីថ្ងៃសោរិ៍។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធា បានបណ្តេញចេញ និងឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ ដែលបានបង្កឱ្យមានបាតុកម្មទ្រង់ទ្រាយធំទាមទារអោយមានការវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ។

កាលពីថ្ងៃសៅរ៍មនុស្សយ៉ាងតិច ១០៧ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅពេលដែលកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគ្រប់ទីកន្លែង ដែលជាការសម្លាប់រង្គាលបំផុតមួយចាប់តាំងពីរដ្ឋប្រហារ។

លោកប្រធានាធិបតីបានថ្លែងចេញពីស្រុកកំណើតរបស់លោកថា “ វាពិតជាគួរឲ្យស្អប់ខ្ពើមណាស់ហើយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួលមនុស្សជាច្រើនគួរឲ្យខ្លាច ដែលត្រូវបានសម្លាប់ដោយគ្មានកំហុស” ។

ការសម្លាប់កាលពីថ្ងៃសៅរ៍ បានកើតឡើងបន្ទាប់ពីរបបយោធាបានធ្វើការបង្ហាញកម្លាំងដ៏ធំមួយសម្រាប់ទិវាកងកំលាំងប្រដាប់អាវុធប្រចាំឆ្នាំរបស់ខ្លួន និងបានគំរាមសម្លាប់រាល់អ្នកដែលបង្កការរំខាននៅថ្ងៃនោះ។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផងដែរថា “ឆ្ងាយពីការអបអរសាទរ យោធាមីយ៉ាន់ម៉ា បានធ្វើឱ្យមានភាពភ័យរន្ធត់ និងភាពអាម៉ាស់ កាលពីម្សិលមិញ” ។

ការថ្កោលទោសនេះបានកើតឡើងបន្ទាប់ពីប្រមុខការពារជាតិនៃប្រទេសចំនួន ១២ រួមមានសហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន និងអូស្ត្រាលី បានប្រកាសបដិសេធ និងថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍រួមដ៏កម្របានឲ្យដឹងថា “យោធាអាជីពធ្វើតាមស្តង់ដារអន្តរជាតិ សម្រាប់ការប្រព្រឹត្ត និងទទួលខុសត្រូវក្នុងការការពារ – មិនបង្កអន្តរាយដល់ប្រជាជនដែលខ្លួនបម្រើនោះទេ”៕ដោយ ឈូក បូរ៉ា

Most Popular

To Top