ផ្សេងៗ

យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលជូនថវិកា ២០០០ ដុល្លារចំពោះលោក អេ ភូថង ដែលកំពុងមានជំងឺ

ភ្នំពេញ៖នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈនិងកីឡា តំណាងលោកស្រី ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡា បាននាំយកអំណោយរបស់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាសរុបចំនួន ២០០០ ដុល្លារសហរដ្ឋអាមេរិក ជូនលោក អេ ភូថង អតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីល្បាញ ដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺផ្សេងៗ ប្រចាំកាយផង។

ពិធីប្រគល់អំណោយនិងសួរសុខទុក្ខត្រូវបានរៀបចំឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា រួមនឹងសមាជិក សមាជិកាផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

ក្នុងពិធីសំណេះសំណាលនេះ លោកសុខ សង្វារ បានបញ្ជាក់ថា ថវិកា២០០០ដុល្លារនេះ ជាអំណោយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវចំនួន១០០០ដុល្លារ និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈនិងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចំនួន១០០០ដុល្លារ។ ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ចំពោះលោក អេ ភូថង លើកទឹកចិត្តឲ្យលោកខិតខំថែរក្សាសុខភាព ឆាប់បានជាសះស្បើយពីជំងឺ។ លើសពីនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះលោក អេ ភូថង ក្នុងការចូលរួមលើកកម្ពស់ប្រដាល់គុនខ្មែរលើឆាកអន្តរជាតិ បណ្តុះបណ្តាលយុវជនឲ្យស្រឡាញ់ និងចូលរួមថែរក្សាប្រដាល់គុនខ្មែរ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិទាំងមូល។

លោក អេ ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើ វិស័យកីឡាជាតិយើង។ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានយកចិត្តទុកខ្ពស់ព្យាបាលរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឲ្យបានធូរស្បើយឡើងវិញនៅពេលនេះ។

លោកបន្ថែមថា បើកុំតែបានចាក់វ៉ាក់សាំងគ្រប់ចំនួននោះ ស្ថានភាពជំងឺរបស់លោកនឹងមិនអាចជួយសង្គ្រោះបានឡើយ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដែលជួយឲ្យរូបលោក និងពលខ្មែរជាច្រើនទៀត អាចឆ្លងផុតពីដំណាក់កាលស្លាប់មកជាសះស្បើយវិញបាន។

ជាចុងក្រោយ លោកបានផ្តាំផ្ញើឲ្យយុវជន និងប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ពីការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តវិធានសុខាភិបាលឲ្យបានជាប់លាប់ ព្រោះយើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងនោះឡើយ៕ដោយ៖លី ភីលីព

Most Popular

To Top