ផ្សេងៗ

ផ្នូរ ព្រះចៅអធិរាជចិន ឈិនស៊ី ដែល្បីថា ថាមានទ័ពរាប់ពាន់ និងស្នំរាប់ម៉ឺននាក់ ត្រូវកប់ទាំងរស់ មានប្រវត្តិគួរឲ្យព្រឺក្បាល

ទីបញ្ចុះសព របស់ព្រះចៅអធិរាជចិន ឈិនស៊ី (Qin Shi Huang) ដែលជាស្តេចដ៏មានឥទ្ធិពល និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិន ត្រូវបានគេស្គាល់ថាជា សារមន្ទីរទាហានចម្បាំងស្តេចឈិនស៊ី (The Museum of Qin Terra-cotta Warriors and Horses) ដែលជាកន្លែងកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន និងមានភ្ញៀវទេសចរមកពីជុំវិញពិភពលោក បានទៅទស្សនាភាពអស្ចារ្យនៅទីនោះផងដែរ។

នៅចម្ងាយ ៣៥ គីឡូម៉ែត្រ ភាគឥសាននៃទីក្រុងឆាងអាន ខេត្តសានស៊ី ស្ថិតនៅជើងភ្នំលីសាន មហាចេតិយដ៏អស្ចារ្យ ដែលជាផ្នូរ របស់អធិរាជ ឈិនស៊ី (Qin Shi Huang) មានរាងបួនជ្រុងទ្រវែង ដែលជ្រុងទាំងបួនប្រវែង ៥លី (តាមឯកសារសរសេរថា ១លី ដែលជាខ្នាតរង្វាស់ប្រវែងរបស់ចិន ស្មើនឹង៤១៥ម៉ែត្រ នៅជំនាន់រាជវង្ស ឈិន) និងកម្ពស់ ១៦៦ម៉ែត្រ ដែលនៅផ្នែកខាងក្នុងប្រៀបដូចជាព្រះរាជវាំងក្រោមដី។ ក្នុងរាជវាំងនោះ មានរាជដំណាក់រាប់រយ រួមទាំងរូបចម្លាក់អាមាត្រជាច្រើនកំពុងអង្គុយស្តាប់សវនការ និងមានរណ្តៅអមជិត ២០០ ដែលមានទាហានជាង៧ពាន់នាក់ មានរូបរាងធំៗ ប៉ុនសេះ និងរទេះសេះសំរិទ្ធ រួមទាំងអាវុធដែលជាការរកឃើញដ៏ល្បីល្បាញលើពិភពលោក និងផ្នូរបញ្ចុះសពរបស់ស្តេច ឈិនស៊ី (Qin Shi Huang)។

ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang) គឺជាស្តេចដ៏ល្បីល្បាញបំផុតមួយអង្គ ក្នុងប្រវត្តិសាស្ត្រចិន ព្រោះនៅជំនាន់ទ្រង់ ព្រះអង្គគឺជាមនុស្សតែម្នាក់គត់ ដែលបានបង្រួបបង្រួមអាណាចក្រតូចធំទាំងឡាយ ឲ្យរួមបញ្ចូលគ្នាក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ស្តេច ឈិនស៊ី បានប្រើប្រាស់មធ្យោបាយយ៉ាងឃោរឃៅ ជាងក្សត្រអង្គដទៃទៀត ដែលមិនធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្ត្រចិន។ មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានធ្វើការវិនិច្ឆ័យថា «ឈិនស៊ី គឺជាព្រះរាជាផ្តាច់ការមួយអង្គ ដែលឈ្លក់វង្វេងនឹងអំណាច គំរាមកំហែងប្រជារាស្ត្រ ដើម្បីសាងអំណាចខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយទង្វើរបស់ព្រះអង្គ ក៏បានបណ្តុះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិនឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេកោតសរសើរថា ទ្រង់គឺជាមហាក្សត្រចិន ដែលបានបង្រួបបង្រួមផែនដីចិន ឲ្យក្លាយមកជាផែនដីរួមតែមួយ និងជាអ្នកបង្កើតទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ដ៏មានតម្លៃសម្រាប់ប្រទេសចិន រហូតមកដល់បច្ចុប្បន្ន»។

រឿងឃោរឃៅ និងគួរឲ្យព្រឺក្បាលដែលត្រូវបានគេកត់ត្រានោះគឺថា នៅក្នុងពិធីបញ្ចុះសពអធិរាជ ឈិនស៊ី ព្រះអង្គម្ចាស់ ឈិនអឺស៊ឺ ជារាជបុត្រទី២ បាននាំយកស្រីស្នំ ពីរាជវាំង ស៊ានយ៊ាង ប្រមាណជាង ១ម៉ឺននាក់ទៅកប់ទាំងរស់ ដើម្បីឲ្យទៅតាមបម្រើអធិរាជ ឈិនស៊ី។ រីឯជាងដែលមានថ្វីដៃខាងធ្វើគន្លឹះយន្តវិញ ក៏ត្រូវបានគេបញ្ឆោតយកទៅកប់ទាំងរស់ក្នុងចេតិយជាង ៣០០០នាក់ ដើម្បីបំបាត់ភស្តុតាងផងដែរ។ ទោះបីជាកសាងឡើង នៅចុងសតវត្សទី៣ មុនគ្រិស្តរាជក៏ដោយ ក៏រូបចម្លាក់ទាំងនេះ ទើបតែត្រូវបានរកឃើញ នៅឆ្នាំ១៩៧៤ប៉ុណ្ណោះ។ កាលពីឆ្នាំ១៩៧៤ កសិករនៅក្នុងតំបន់ Lintong នៅទីក្រុងឆាងអាន ខេត្តស្ហានស៉ី ប្រទេសចិន បានជីកអណ្តូងទឹកនៅទីនោះ ក៏ប្រទះឃើញរូបចម្លាក់ទាំងនេះតែម្តង។

ស្តេច ឈិនស៊ី (Qin Shi Huang) រស់នៅដោយរំពឹងលើថ្នាំជីវិតអតមៈ ដើម្បីអាចបន្តជីវិតគ្រប់គ្រងអំណាចតទៅទៀត ប៉ុន្តែគ្មាននរណាអាចផ្សំថ្នាំនេះបានឡើយ ដោយសារតែទ្រង់បំពេញរាជកិច្ចតែអង្គឯងរៀងរហូតមកទាំងយប់ទាំងថ្ងៃ ទើបធ្វើឲ្យព្រះកាយពលខ្សោយទៅៗជាលំដាប់ និងធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ហើយថ្នាំសង្កូវផ្សេងៗ ក៏មិនអាចជួយឲ្យទ្រង់មានអាការៈធូរស្បើយបានដែរ ទើបធ្វើឲ្យព្រះអង្គសុគតក្នុងជន្មាយុ ៤៩ព្រះវស្សា។

ព្រះអង្គ ឈិនស៊ី ទ្រង់សុគតនៅតាមផ្លូវ ទើបពួកមន្ត្រីហែរហមព្រះអង្គ ព្យាយាមលាក់បាំងរឿងដែលព្រះអង្គសោយទិវង្គត ដោយយកត្រីស្អុយៗជាច្រើន ដាក់លើគ្រប់រទេះទាំងអស់ ដើម្បីបន្លំភ្នែកប្រជានុរាស្ត្រ និងមហាជន រហូតទាល់តែធ្វើដំណើរដល់ក្នុងព្រះរាជរាំង ទើបប្រកាសផ្សព្វផ្សាយថាព្រះអង្គ ឈិនស៉ី បានសោយទិវង្គតហើយ បន្ទាប់មកសពរបស់ព្រះអង្គក៏ត្រូវបានបញ្ចុះព្រះសពនៅក្នុងមហាចេតិយ ដែលព្រះអង្គបានកសាងនោះ។ ផ្នូរខ្មោចស្តេចអង្គនេះ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨៧ ៕ប្រភព៖http://sabay

Most Popular

To Top