បរទេស ៖ យោងតាមសេចក្តី រាយការណ៍ពី កាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹង ថា ប្រទេសកូរ៉េខាងជើង បានចេញសេចក្តី ព្រមានដល់នាវា ដែលធ្វើដំណើរឆ្លងកាត់ ចាប់តាំងពីដើម សប្ដាហ៍នេះ ដែលនេះជាសញ្ញាមួយ ដែលប្រទេសនេះ អាចនឹងត្រៀមធ្វើការ តេស្តសាកល្បងអាវុធ ។
មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់កាសែត Kukmin Ilbo នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានចេញសេចក្តីព្រមាន ចំពោះនាវាចរណ៍ នៅដែនសមុទ្រ និងថា ការធ្វើបែបនេះបង្ហាញថា ការបង្កហេតុ ដោយមីស៊ីលអាច នឹងកើតមាន នាពេលឆាប់ៗនេះ ។
ប្រភពពីកូរ៉េខាងត្បូង បាននិយាយយ៉ាងដូច្នេះថា “យើងដឹងថា ប្រទេសកូរ៉េខាងជើង កំពុងតែចេញសេចក្តីព្រមាន ចំពោះការធ្វើនាវាចរណ៍ ហើយនឹងបន្ត ធ្វើដូច្នេះសម្រាប់រយៈពេលពីរបីថ្ងៃក្នុង មួយសប្ដាហ៍ រហូតដល់ដើមខែកញ្ញា ក្រោយការបញ្ចប់សហសមយុទ្ធសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង” ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រៅពីនោះ ប្រទេសកូរ៉េខាង ជើង ក៏បានចេញសេចក្តីព្រមាន ចំពោះការធ្វើនាវាចរណ៍ នៅថ្ងៃអាទិត្យនិង ថ្ងៃចន្ទផងដែរ ប៉ុន្តែគ្មានការបង្កហេតុដោយមីស៊ីល ណាមួយ ត្រូវបានគេរាយការណ៍ទេ នៅក្នុងសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង