បរទេស៖ប្រធានាធិបតីនៃប្រទេសតួកគី លោក Tayyip Erdogan បាននិយាយថា តួកគីនៅតែមានបំណងទិញប្រព័ន្ធការពារមីស៊ីល S-400 ក្រុមទី២ ពីប្រទេសរុស្ស៊ី ហើយនេះជាទង្វើមួយដែលអាចនឹងបង្កឲ្យមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងវ៉ាស៊ីនតោន និងបង្កឲ្យមានទណ្ឌកម្មអាមេរិកថ្មី។
ទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រព័ន្ធការពារ S-400 បង្កឲ្យមានការគម្រាមកំហែងដល់យន្តហោះចម្បាំង F-35 និងប្រព័ន្ធការពាររបស់អង្គការណាតូ ចំណែកតួកគីនិយាយថា ខ្លួនមិនអាចទិញប្រព័ន្ធការពារដែនអាកាស ពីសម្ពន្ធមិត្តណាតូណាមួយ តាមលក្ខខណ្ឌដែលពេញចិត្តនោះទេ។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារសារព័ត៌មាន CBS News កាលពីថ្ងៃអាទិត្យ លោក Erdogan បានមានប្រសាសន៍ថា “នៅក្នុងពេលអនាគត គ្មានអ្នកណាម្នាក់ នឹងអាចចូលមកជ្រៀតជ្រែក ក្នុងប្រព័ន្ធការពារជាតិប្រភេទអ្វីដែលយើងទិញ ពីប្រទេសណា នៅក្នុងកម្រិតណានោះទេ”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើនាយកដ្ឋានឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគី ប្រធានរបស់នាយកដ្ឋាន លោក Ismail Demir និងបុគ្គលិក៣រូបផ្សេងទៀត កាលពីខែធ្នូ បន្ទាប់ពីតួកគីទិញយកប្រព័ន្ធការពារជាតិ S-400 ក្រុមដំបូង ពីប្រទេសរុស្ស៊ី៕ប្រែសម្រួល៖ប៉ាង កុង