បរទេស៖ កាលពីដើមឆ្នាំនេះ ឧត្តមនាវីឯក Alireza Tangsiri មេបញ្ជាការ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា សាធារណរដ្ឋអ៊ីស្លាម “មានការគ្រប់គ្រងពេញលេញ” ទៅលើឈូងសមុទ្រពែក្ស ហើយថា ខ្លួន “គ្រប់គ្រងដែនទឹកទាំងមូល” នៅទីនោះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចេញផ្សាយវីដេអូ នៃអ្វីដែលខ្លួនបានពិពណ៌នាថា ជាផ្លូវអាកាសរបស់ឧទ្ធម្ភាគចក្រ ប្រយុទ្ធរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ លើនាវាវាយប្រហារប្រភេទ Wasp-class amphibious USS Essex នៅឈូងសមុទ្រពែក្ស។
នៅក្នុងវីដេអូឃ្លីប ដែលមានរយៈពេល 42 វិនាទី នាវា USS Essex ដែលគេស្គាល់ថាជា Landing Helicopter Dock (LHD-2) ត្រូវបានគេមើលឃើញ ពីកាប៊ីនយន្តហោះរបស់ ឧទ្ធម្ភាគចក្រអ៊ីរ៉ង់ ដែលកំពុងធ្វើ “ការហោះហើរឈ្លបយកការណ៍” លើនាវាចម្បាំងអាមេរិក។ នេះបើយោងតាមសារព័ត៌មានអ៊ីរ៉ង់។
ខ្សែអាត់វីដេអូនេះ ក៏បានបង្ហាញពីរ៉ាដារបស់ USS Essex ហាក់ដូចជាបាន ធ្វើឱ្យមានសកម្មភាព ខណៈដែលឧទ្ធម្ភាគចក្រត្រូវបានគេមើលឃើញថា កំពុងហោះហើរនៅជិតនាវាអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា