ផ្សេងៗ

អគ្គលេខាធិការណាតូ អំពាវនាវឲ្យរុស្ស៊ីកាត់ បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន

បរទេស៖អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធា ណាតូ លោក Jens Stoltenberg នៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវដល់ប្រទេសរុស្ស៊ី ឲ្យកាត់បន្ថយភាពតានតឹងជាមួយប្រទេសអ៊ុយក្រែន និងបានធ្វើការព្រមានដល់ទីក្រុងមូស្គូ មិនឲ្យបង្កហេតុ ឬក៏ទង្វើឈ្លានពានណាមួយបន្ថែមទៀត។

នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ នៅទីស្នាក់ការកណ្ដាលរបស់ណាតូ ក្នុងទីក្រុងព្រួចសែល ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានមានប្រសាសន៍ថា អង្គការណាតូ កំពុងតែធ្វើការឃ្លាំមើលការប្រមូលផ្តុំកងកម្លាំងរុស្ស៊ីដ៏ធំនិងខុសត្រូវប្រក្រតី នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

ដោយអំពាវនាវឲ្យរុស្ស៊ីមានតម្លាភាពស្តីពីសកម្មភាពយោធារបស់ខ្លួននោះ លោក Stoltenberg បានមានប្រសាសន៍ដូច្នេះថា “ណាតូឈរនៅជាមួយអ៊ុយក្រែន។ យើងមិនហើយក៏នឹងមិនទទួលស្គាល់ការយកតំបន់គ្រីមាដាក់ចូលជាឧបសម្ព័ន្ធខ្លួនដោយខុសច្បាប់របស់រុស្ស៊ីនោះឡើយ។ សម្ពន្ធមិត្តណាតូទាំងអស់ មានការរួបរួមសាមគ្គីគ្នា ក្នុងការថ្កោលទោសចំពោះឥរិយាបថរបស់រុស្ស៊ី”។

គួរបញ្ជាក់ថា ចំណែករដ្ឋបាលលោក បៃដិន ក៏កំពុងធ្វើការឃ្លាំមើលការប្រមូលផ្តុំកម្លាំងរុស្ស៊ី នៅជិតព្រំដែនជាប់ប្រទេសអ៊ុយក្រែនផងដែរ ហើយនេះត្រូវរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និយាយថា ជារំឭកដល់ការឈ្លានពានរបស់រុស្ស៊ីទៅលើតំបន់គ្រីមា កាលពីឆ្នាំ២០១៤៕ ប្រែសម្រួល: ប៉ាង កុង

Most Popular

To Top