បរទេស៖ សហរដ្ឋអាមេរិកនិងប្រទេសអង់គ្លេស បានព្រមានប្រទេសរុស្ស៊ីជុំវិញការឈ្លានពានដោយយោធាថ្មីណាមួយ ទៅលើប្រទេសអ៊ុយក្រែន ស្របពេលដែលសម្ពន្ធមិត្តយោធាលោកខាងលិច គឺអង្គការណាតូ បានជួបពិភាក្សាគ្នាអំពីបំណងរបស់ទីក្រុងមូស្គូ សម្រាប់ការប្រមូលផ្តុំកងទ័ពនៅតាមព្រំដែនជាប់អ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់ដល់សមាភាគីណាតូទាំង២៩នាក់របស់លោក ស្តីពីការស៊ើបការណ៍សម្ងាត់របស់ទីក្រុងវ៉ាស៊ីនតោន លើផ្នែកខាងកើតនៃសម្ពន្ធមិត្តណាតូ និងនៅក្នុងប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកសម្ពន្ធមិត្ត។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “សកម្មភាពបង្កភាពតានតឹងកើនឡើងណាមួយធ្វើឡើងដោយរុស្ស៊ី នឹងជាក្តីព្រួយបារម្ភដ៏ធំចំពោះសហរដ្ឋអាមេរិក ហើយការឈ្លានពានជាថ្មីណាមួយ នឹងបង្កឲ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ”។
“យើងនឹងធ្វើការពិភាក្សាគ្នាយ៉ាងជិតស្និទ្ធជាមួយសម្ពន្ធមិត្តណាតូ និងដៃគូនានា នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខទៀត ស្តីពីថាតើមានវិធានការផ្សេង ដែលយើងគួរតែធ្វើក្នុងនាមជាសម្ពន្ធមិត្ត ដើម្បីពង្រឹងកិច្ចការពាររបស់យើង ពង្រឹងភាពអត់ធន់របស់យើង និងពង្រឹងសមត្ថភាពរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង