ផ្សេងៗ

លោក Lavrov៖ អង្គការណាតូ កំពុងប្រមូលសម្ភារៈយោធាដាក់មកដាក់នៅព្រំដែនជាមួយរុស្ស៊ី ហើយលោកខាងលិចកំពុងញុះញង់អ៊ុយក្រែន ឱ្យប្រឆាំងនឹងរុស្ស៊ី

បរទេស៖ នៅព្រឹកថ្ងៃអង្គារ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងថា ប្រទេសនេះបានរកឃើញយន្តហោះឈ្លបយកការណ៍ថ្មី និងយន្តហោះគ្មានមនុស្សបើករបស់អង្គការណាតូជាង ៥០គ្រឿង នៅជិតព្រំដែនរបស់ខ្លួនជារៀងរាល់សប្តាហ៍។យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយកាលពីថ្ងៃអង្គារថា អង្គការណាតូកំពុងប្រមូលសម្ភារៈយោធាយ៉ាងច្រើននៅតាមព្រំដែនរុស្ស៊ី។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីប្រេស៊ីល លោក Lavrov ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលទីក្រុងម៉ូស្គូមិនអាចបដិសេធលទ្ធភាពដែលរដ្ឋាភិបាលទីក្រុងគៀវ របស់អ៊ុយក្រែន ធ្វើសកម្មភាពប្រភេទណាមួយនៃ “គ្រោះថ្នាក់ខាងយោធា” ដែលនឹងបង្កការគំរាមកំហែងដល់ប្រទេសរុស្ស៊ី។

លោកបន្តថា «ប្រធានាធិបតីពូទីនបាននិយាយអំពីរឿងនេះនៅថ្ងៃទី ១៨ ខែវិច្ឆិកា … គាត់សង្កត់ធ្ងន់ថាយើងមិនត្រូវការជម្លោះទេ ប៉ុន្តែប្រសិនបើលោកខាងលិចមិនអាចទប់ស្កាត់អ៊ុយក្រែន ប៉ុន្តែផ្ទុយទៅវិញ លើកទឹកចិត្តប្រទេសនេះ គឺ ពិតណាស់យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីធានាសន្តិសុខរបស់យើង»។

លោកបានបន្ថែមថាមួយរយៈនេះលោកខាងលិចកំពុងតែញុះញង់អ៊ុយក្រែន ហើយមិនត្រឹមតែអ៊ុយក្រែនប៉ុណ្ណោះទេ ដើម្បីឲ្យចាត់វិធានការប្រឆាំងនឹងរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top