ភ្នំពេញ៖ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលគ្រឿងឥស្សរយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ពីព្រះមហាក្សត្រ និងត្រូវបានបំពាក់ដោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត ។


លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបថតមួយសន្លឹក ក្នុង ឱកាសបំពាក់គ្រឿងឥស្សរយស ជាមួយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបានសរសេររៀបរាប់យ៉ាងដូច្នេះថា “ខ្ញុំបាទពិតជាមានក្តីរីករាយយ៉ាងក្រៃលែងដែលខ្ញុំបាទទទួលបានការបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់(មហាសិរីវឌ្ឍន៍) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១” ។


ជាការពិតណាស់ លោក ខេមរៈ សិរីមន្ត ត្រូវបានទស្សនិកជន មើលឃើញថា ក្រៅពីអាជីពជាតារាចម្រៀងប្រុស ដែលទទួលបានភាពល្បីល្បាញខ្លាំងបំផុតហើយនោះហើយនោះ ជារឿយៗលោក តែងតែបង្ហាញមុខនៅក្នុងកម្មវិធីសប្បុរសធម៌ និងបរិច្ចាគធនធាន ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដោយផ្ទាល់ ក៏ដូចជាតាមរយៈរាជរដ្ឋាភិបាល ដើម្បីរួមចំណែកជួយដល់សង្គមជាតិ ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីធ្វើកម្មវិធីំចែកអំណោយជូនដល់ សិល្បករ មានជីវ ភាពខ្វះ ខាត និង ចាស់ ជរាចំនួន៥០នាក់នៅសមាគមមិត្ត សិល្បៈ ស្ម័គ្រចិត្តជួយសង្គម ហើយនោះ លោកក៏បានឧបត្ថម្ភលុយរហូតដល់ ២លានដុល្លារដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ ស្ថាបនា ផ្លូវ ប្រវែង២២គីឡូម៉ែត្រ និង កាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយ មាន ជ័យ ទៀផង ។

ការនេះផងដែរ លោក ខេមរៈ សិរីមន្ត ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងទទួលបានលិខិតអំណរគុណពីលោក អ៊ុ មេត្រី អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យទៀតផង ។

គួរឱ្យដឹងថា នេះពុំមែនជាលើកទី១ ឡើយសម្រាប់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលទទួលបានមេដាយ ក៏ដូចជាគ្រឿងឥស្សរយស ពោលគឺកន្លងមកលោកធ្លាប់ទទួលបានគ្រឿងឥស្សរិយយសថ្នាក់មហាសេនា, ឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ និងមេដាយស្ថាបនាជាតិ ពីរាជរដ្ឋាភិបាលកម្ពុជា ជាដើម ៕
ដោយ៖ ម៉ានី
