បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លេខាធិការព័ត៌មានរបស់សេតវិមាន លោក Jen Psaki បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្ត បានត្រៀមខ្លួន រួចរាល់ដើម្បីធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ប្រសិនបើប្រទេសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍សេតវិមាន បាននិយាយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី បៃដិន បានជំរុញប្រទេសរុស្ស៊ី ឲ្យបន្ធូរបន្ថយភាពតានតឹងជាមួយប្រទេសអ៊ុយក្រែន ហើយលោកបានធ្វើការបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ព្រមទាំងដៃគូនានា របស់ខ្លួន នឹងធ្វើការឆ្លើយតប ដោយឥតរារែក ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនថែមទៀត”។
ចំណែកមន្ត្រីនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា កិច្ចពិភាក្សាចុងក្រោយបំផុតនេះ គឺត្រូវបានស្នើឡើងដោយលោក ពូទីន ហើយមានគោលដៅបន្ត កិច្ចពិភាក្សាគ្នា ដែលបានចាប់ផ្តើមននៅក្នុងអំឡុងការនិយាយគ្នាពីមុន និងដើម្បីពិភាក្សាគ្នាពីកិច្ចចរចា ដែលគ្រោងធ្វើឡើង នៅក្នុងខែមករាខាងមុខ។
គួរបញ្ជាក់ថា កិច្ចពិភាក្សាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ គឺជាកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ជាលើកទី២នៅក្នុងខែនេះ ហើយកិច្ចសន្ទនាគ្នាពីមុន បានធ្វើឡើងតាមវីដេអូខល កាលពីថ្ងៃទី០៧ ខែធ្នូ ដោយមានប្រធានបទនានា រួមទាំងបញ្ហាអ៊ុយក្រែន ចំណងមិត្តភាពទ្វេភាគី សន្តិសុខអ៊ីនធឺណេត និងកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់៕ ប្រែសម្រួល៖ប៉ាង កុង

